បញ្ជីថ្លៃលក់អគ្គិសនី

ថ្លៃប្រភពអគ្គិសនី គឺជាផ្នែកមួយដ៏ធំនៃថ្លៃអគ្គិសនី​ដែល​ត្រូវ​ផ្គត់​ផ្គង់​ដោយ​អ្នក​កាន់​អាជ្ញាប័ណ្ណ​ទៅ​ឱ្យ​អ្នក​ប្រើ​ប្រាស់​។ អ្នក​កាន់​អាជ្ញាប័ណ្ណ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​៩៥% ផលិត​អគ្គិសនី​ដោយ​ប្រើ​ប្រេង​ឥន្ធនៈ។ នៅ​ពេល​ថ្លៃ​ប្រេង ឥន្ធនៈ​ប្រែ​ប្រួល ថ្លៃ​ដើម​អគ្គិសនី​ក៏​ប្រែ​ប្រួល​ដែរ។ ដូច្នេះ​ដើម្បី​ឱ្យ​មាន​តម្លា​ភាព​ និង​យុត្តិ​ធម៌ រវាង​អ្នក​ផ្គត់​ផ្គង់​អគ្គិសនី និង​អ្នក​ប្រើ​ប្រាស់​អគ្គិសនី អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​នឹង​កំពុង​អនុវត្ត​នូវ​យន្ត​ការ​កែ​សម្រួល​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទៅ​តាម​ការ​ប្រែ​ប្រួល​នៃ​ថ្លៃ​ប្រេង​នៅ​ក្នុង​ការ​កំណត់​បញ្ជី​ថ្លៃ​លក់​ឱ្យ​អ្នក​កាន់​អាជ្ញាប័ណ្ណ។ នៅ​ក្នុង​ក្រប​ខ័ណ្ឌ នៃ​យន្តការ​នេះ ថ្លៃ​ប្រេង​ត្រូវ​បាន​បែង​ចែក​ជា​ចន្លោះ​កំណត់​មួយ​ៗ ពី​ទាប​ទៅ​ខ្ពស់ ហើយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ធ្វើ​ការ​សិក្សា និង​គណនា​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​នៅ​ក្នុង​ចន្លោះ​ថ្លៃ​ប្រេង​នីមួយ​ៗ​នេះ ដោយ​រក្សា​ទុកឱ្យ​សេវាករ​អគ្គិសនី​មាន​ចំណេញ​ក្នុង​អត្រា​កំណត់​មួយ​សម​ស្រប និង​រៀប​ចំ​ជា​តារាង​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​មួយ​ដែល​ប្រែប្រួល​តាម​ថ្លៃ​ប្រេង​ហើយ ដាក់​ឱ្យ​ពិគ្រោះ​យោបល់​ជា​សា​ធារណៈ មុន​ធ្វើ​ការ​សម្រេច​។ ដូច្នេះ​នៅ​ខណៈ​មាន​ការ​ប្រែប្រួល​ថ្លៃប្រេង ប្រសិន​បើថ្លៃ​ប្រេង​ជាក់​ស្តែង​ស្ថិត​ក្នុង​ចន្លោះ​ថ្លៃ​ណា​មួយ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​អ្នក​កាន់​អាជ្ញាប័ណ្ណ​លក់​អគ្គិសនី តាម​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​ដែល​ស្ថិត​នៅ​ចន្លោះ​ថ្លៃ​ប្រេង​នោះ​ដោយ​មិន​ចាំ​បាច់​មាន​ការ​ពិគ្រោះ​យោបល់​ឡើង​វិញ​ឡើយ។ ថ្លៃ​ប្រភព​អគ្គិសនី​ចេញ​ពី​វារី​អគ្គិសនី ឬ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង ឬ​ទិញ​ដុំ​ពី​អគ្គិសនី​កម្ពុជា, ឬ​ទិញ​ពី​អ្នក​កាន់​អាជ្ញាប័ណ្ណ​ផ្សេង​ទៀត​មិន​ឡើង​ចុះ​ខ្លាំង​ពេក​ទេ ហេតុ​នេះ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​អនុម័ត​បញ្ជី​ថ្លៃលក់​អគ្គិសនី​ឱ្យ​អ្នក​ទាំង​នោះ ដោយ​មិន​ប្រើ​យន្ត​ការ​ប្រែ​ប្រួល​ថ្លៃ​ទេ​៕