ស្តង់ដារសេវាកម្ម

ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល (បច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពល) បានចេញប្រកាសដាក់ឱ្យប្រើប្រាស់​ល័ក្ខខ័ណ្ឌ​ទូទៅ​នៃ​ស្តង់ដារ​បច្ចេកទេស​អគ្គិសនី​នៅ​ថ្ងៃ​ទី១៤ ខែកក្កដា ឆ្នាំ២០០៤។ ល័ក្ខខ័ណ្ឌ​ទូ​ទៅ​នៃ​ស្តង់ដារ​បច្ចេក​ទេស​អគ្គិសនី​បាន​រៀប​ចំ​ និង​សហការ​ជា​មួយ​ទី​ភ្នាក់​ងារ​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ប្រទេស​ជប៉ុន (JICA) ។ វិ​សាល​ភាព​នៃ​ល័ក្ខ​ខ័ណ្ឌ​ទូទៅ​នៃ​ស្តង់ដារ​បច្ចេកទេស​អគ្គិសនី​មាន បទ​ប្បញ្ញត្តិ​ទូ​ទៅ​នៃ​ស្តង់ដារ​បច្ចេក​ទេស, មធ្យោ​បាយ​ផលិត កម្ម​ឧណ្ហ​អគ្គីសនី, វារី​អគ្គិសនី, ខ្សែ​បណ្តាញ​បញ្ជូន និង​ចែក​ចាយ, និង​ការ​តម្លើង​ខ្សែ​បណ្តាញ​ក្នុងផ្ទះ។

មធ្យោបាយបញ្ជូន និងចែកចាយអគ្គិសនីដែលមានផែនការនិងសាងសង់ព្រមទាំងដាក់ឱ្យដំណើរការ​នៅក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ត្រូវ​គោរព​តាម​ស្តង់ដារ​បច្ចេក​ទេស​អគ្គិសនី នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។ ក្នុង​ករណី​ដែល​បញ្ហា​ណា​មួយ មិន​មាន​ចែង​ក្នុងស្តង់ដារ​បច្ចេកទេស​នេះទេ ត្រូវ​គោរព​តាម​ស្តង់ដារ​គណៈ​កម្មការ បច្ចេក​ទេស​អគ្គិសនី​អន្តរជាតិ (IEC) ។ ប្រសិន​បើ​បញ្ហា​នេះ​មិ​នមាន​កំណត់​នៅ​ក្នុងស្តង់ដារ IEC ទេនោះ ពេល​នោះ​ត្រូវ​គោរព​តាម​ស្តង់ដារ​អង្គការអន្តរជាតិ ISO។ ប្រសិន​បើ​បញ្ហា​នេះ​នៅ​តែ​មិន​មាន​កំណត់​នៅ​ក្នុង​ស្តង់ដារ​ណា​មួយ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ ក្នុង​ល័ក្ខខ័ណ្ឌ​ដែល​មាន​ការ​យល់​ព្រម​ពីក្រសួង​រ៉ែ និង​ថាមពល។

ល័ក្ខខ័ណ្ឌទាំងឡាយដែលកំណត់នៅក្នុងស្តង់ដារនេះ មានគោលបំណងសំខាន់​បំផុត​គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យគ្រោះ​ថ្នាក់​ដល់​មធ្យោបាយ​អគ្គិសនី និង​មាន​សុវត្ថិភាព​ក្នុង​ដំណើរ​ការ​មធ្យោបាយ​អគ្គិសនី​នោះ។

ស្តង់ដារបច្ចេកទេសអគ្គិសនីដែលបានប្រកាសដាក់ឱ្យប្រើប្រាស់មានដូចខាងក្រោម៖

១. ល័ក្ខខ័ណ្ឌលំអិតសម្រាប់មធ្យោបាយផលិតកម្មឧណ្ហអគ្គិសនី

២. ល័ក្ខខ័ណ្ឌលំអិតសម្រាប់មធ្យោបាយបញ្ជូននិងចែកចាយអគ្គិសនី

៣. ល័ក្ខខ័ណ្ឌទូទៅនៃស្តង់ដារបច្ចេកទេសអគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា

៤. បទបញ្ញត្តិស្តីពីស្តង់ដារប្រតិបត្តិទូទៅសម្រាប់អ្នកផ្គត់ផ្គង់អគ្គិសនី ក្នុងព្រះរាជាណាចក្រកម្ពុជា

៥. ស្តង់ដារបច្ចេកទេសអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា