កិច្ច​ប្រជុំ ​ពិភាក្សា​ដោះស្រាយ​ បញ្ហា​ដាច់​ភ្លើង​ ញឹក​ញាប់​នៅ​តំបន់​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​

19424054_1806796862943625_8244860249991969080_n

កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅសាលា ខេត្តត្បូងឃ្មុំ មានរៀបចំ ដឹកនាំដោយឯកឧត្តម ប៉ែន កុសល្យអភិបាលរងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាង អាជ្ញាធរអគ្គិសនីកម្ពុជា តំណាង អគ្គិសនីកម្ពុជា តំណាងមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន និងអ្នកផ្គត់ផ្គង់អគ្គិសនីនៅតំបន់នោះ ។ ក្រោយការពិភាក្សា អង្គប្រជុំបានពិនិត្យឃើញកត្តាចំបង ដែលនាំឲ្យមានការដាច់ភ្លើង ញឹកញាប់ និងបានឯកភាពធ្វើការដោះស្រាយដូចខាងក្រោមៈ ១-កត្តាចំបងដែលបណ្តាលឲ្យដាច់ភ្លើងញឹកញាប់ គឺដោយសារអ្នកផ្គត់ផ្គង់មិនអាចកាប់សំអាតមែកឈើ ជាពិសេសដើមកៅស៊ូរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន ចេញពីខ្សែបញ្ជូនរង ២២គីឡូវ៉ុលរបស់ខ្លួនបាន ដូចជាតំបន់ឃុំគគីរ ឃុំមេមង ឃុំទន្លូង។ល។ ដែលកន្លងមកអ្នកផ្គត់ផ្គង់បាន ព្យាយាមធ្វើការសំអាតដែរ តែមិនអាចទទួលការអនុញ្ញាតពីម្ចាស់ ចំការឡើយ ។ ពាក់ព័ន្ធបញ្ហាខាងលើ អង្គប្រជុំបានតម្រូវឲ្យអ្នកផ្គត់ផ្គង់ជូនដំណឹងមកអាជ្ញាធរស្រុកដើម្បីស្រុកចាត់មន្រ្តីចុះសម្របសម្រួលជាមួយ ម្ចាស់ចំការ ។ ២-អគ្គិសនីកម្ពុជានឹងធ្វើការសិក្សាករណី បើមានការខ្វះថាមពលផ្គត់ផ្គង់នៅតំបន់ស្រុកមេមត់ នឹងលើកសំណើទៅថ្នាក់ដឹកនាំដើម្បីសាងសង់ខ្សែបន្ថែមពីតំបន់ក្រែកមកជួយនៅតំបន់ស្រុកមេមត់អាចប្រើបានប្រសើរជាបណ្តោះអាសន្ន ហើយអនាគត អគ្គិសនីកម្ពុជានឹងសាងសង់អនុស្ថានីយមួយបន្ថែម ទៀតក្នុងខេត្តត្បូងឃ្មុំ ពេលនោះ អគ្គិសនីនៅតំបន់ស្រុកមេមត់ ក៏ដូចជាតំបន់ខេត្តត្បូងឃ្មុំនឹងមានស្ថេរភាពល្អ ដូចតំបន់ដទៃទៀតដែរ។ ក្រៅពីពិភាក្សាអំពីការដាច់ភ្លើង អង្គប្រជុំបានលើកឡើងពីបញ្ហា ផ្សេងៗពាក់ព័ន្ធនឹងការផ្គត់ផ្គង់ នៅតំបន់ស្រុកមេមត់ ដូចជាតំបន់ភូមិ មួយចំនួនដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ ដើម្បីឲ្យអ្នកផ្គត់ផ្គង់ពិនិត្យ និងលើកផែនការផ្គត់ផ្គង់ទៅតំបន់ទាំងនោះ ។ អាជ្ញាធរអគ្គិសនីកម្ពុជាសូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធដែលបានចូលរួមដោះស្រាយការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ស្រុកមេមត់ ឲ្យកាន់តែប្រសើរ ។