Posts By: admin

កិច្ច​ប្រជុំ ​ពិភាក្សា​ដោះស្រាយ​ បញ្ហា​ដាច់​ភ្លើង​ ញឹក​ញាប់​នៅ​តំបន់​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​

កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅសាលា ខេត្តត្បូងឃ្មុំ មានរៀបចំ ដឹកនាំដោយឯកឧត្តម ប៉ែន កុសល្យអភិបាលរងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាង អាជ្ញាធរអគ្គិសនីកម្ពុជា តំណាង អគ្គិសនីកម្ពុជា តំណាងមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន និងអ្នកផ្គត់ផ្គង់អគ្គិសនីនៅតំបន់នោះ ។ ក្រោយការពិភាក្សា អង្គប្រជុំបានពិនិត្យឃើញកត្តាចំបង ដែលនាំឲ្យមានការដាច់ភ្លើង ញឹកញាប់ និងបានឯកភាពធ្វើការដោះស្រាយដូចខាងក្រោមៈ ១-កត្តាចំបងដែលបណ្តាលឲ្យដាច់ភ្លើងញឹកញាប់ គឺដោយសារអ្នកផ្គត់ផ្គង់មិនអាចកាប់សំអាតមែកឈើ ជាពិសេសដើមកៅស៊ូរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន ចេញពីខ្សែបញ្ជូនរង ២២គីឡូវ៉ុលរបស់ខ្លួនបាន ដូចជាតំបន់ឃុំគគីរ ឃុំមេមង ឃុំទន្លូង។ល។ ដែលកន្លងមកអ្នកផ្គត់ផ្គង់បាន ព្យាយាមធ្វើការសំអាតដែរ តែមិនអាចទទួលការអនុញ្ញាតពីម្ចាស់ ចំការឡើយ ។ ពាក់ព័ន្ធបញ្ហាខាងលើ អង្គប្រជុំបានតម្រូវឲ្យអ្នកផ្គត់ផ្គង់ជូនដំណឹងមកអាជ្ញាធរស្រុកដើម្បីស្រុកចាត់មន្រ្តីចុះសម្របសម្រួលជាមួយ ម្ចាស់ចំការ ។ ២-អគ្គិសនីកម្ពុជានឹងធ្វើការសិក្សាករណី បើមានការខ្វះថាមពលផ្គត់ផ្គង់នៅតំបន់ស្រុកមេមត់ នឹងលើកសំណើទៅថ្នាក់ដឹកនាំដើម្បីសាងសង់ខ្សែបន្ថែមពីតំបន់ក្រែកមកជួយនៅតំបន់ស្រុកមេមត់អាចប្រើបានប្រសើរជាបណ្តោះអាសន្ន ហើយអនាគត អគ្គិសនីកម្ពុជានឹងសាងសង់អនុស្ថានីយមួយបន្ថែម ទៀតក្នុងខេត្តត្បូងឃ្មុំ ពេលនោះ អគ្គិសនីនៅតំបន់ស្រុកមេមត់ ក៏ដូចជាតំបន់ខេត្តត្បូងឃ្មុំនឹងមានស្ថេរភាពល្អ ដូចតំបន់ដទៃទៀតដែរ។ ក្រៅពីពិភាក្សាអំពីការដាច់ភ្លើង អង្គប្រជុំបានលើកឡើងពីបញ្ហា ផ្សេងៗពាក់ព័ន្ធនឹងការផ្គត់ផ្គង់ នៅតំបន់ស្រុកមេមត់… អានបន្តរ »

ការ​ចុះ​ពិនិត្យ​ភូមិ​ដែល​ពុំ​ទាន់​មាន​ខ្សែ​បណ្តាញ​ចែក​ចាយ​ទៅ​ដល់​ នៅ​តំបន់​ស្រុក​ព្រៃ​ឈរ​ និង​ស្រុក​ចំការលើ​ ខេត្ត​កំពង់ចាម​

ដើម្បីសម្រេចនូវគោលដៅសំខាន់ៗចំនួន២ ដែលរាជរដ្ឋាភិបាលបានដាក់ចេញដូចខាងក្រោម៖ ១-ឆ្នាំ២០២០ ភូមិទាំងអស់នឹងមានអគ្គិសនីប្រើប្រាស់ ២-ឆ្នាំ២០៣០ យ៉ាងហោចណាស់ ៧០% នៃគ្រួសារទាំងអស់ទូទាំងប្រទេសអាចប្រើប្រាស់អគ្គិសនីដែលមានគុណភាពដូចអគ្គិសនីពីបណ្តាញជាតិ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ អាជ្ញាធរអគ្គិសនីកម្ពុជាបានចាត់មន្រ្តីជំនាញចុះ ពិភាក្សាជាមួយក្រុមហ៊ុន មេគង្គស្មាត ផៅវ័រ ដែលទទួលបន្ទុកផ្គត់ផ្គង់អគ្គិសនីនៅតំបន់ស្រុកព្រៃឈរ និងស្រុកចំការលើ ខេត្តកំពង់ចាម ដោយចុះពិនិត្យភូមិដែលពុំទាន់មានខ្សែបណ្តាញចែកចាយទៅដល់ ក្នុងគោល​ដៅជំរុញក្រុមហ៊ុនរៀបចំផែនការអភិវឌ្ឍន៍ទៅកាន់តំបន់ភូមិទាំងនោះឲ្យបានទាន់ពេលវេលា ។

ជំនួប​ពិភាក្សា​គ្នា​រវាងថ្នាក់ដឹងនាំអាជ្ញាធរអគ្គិសនីកម្ពុជា​ ​និង​ ​ទីភ្នាក់ងារ​ថាមពល​ប្រទេសកូរ៉េ ​ដើម្បី​រៀបចំ​កិច្ចសហប្រតិបត្តិការអំពីការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ

  នៅព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៧ ឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងឯកឧត្តម យឹម វិសិដ្ឋ អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំងជំនាញការអមអាជ្ញាធរអគ្គិសនីកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយក្រុមការងាររបស់ទីភ្នាក់ងារថាមពលប្រទេសកូរ៉េ KOREA ENERGY AGENCY ដឹកនាំដោយលោក Park Kyung-Soon ។ ក្នុងជំនួបនេះ ភាគីទាំង ២ បានផ្លាស់ប្តូរបទពិសោធន៍ អំពីការរៀបចំធ្វើផែនការអភិវឌ្ឍន៍វិស័យអគ្គិសនី ការគ្រប់គ្រងវិស័យអគ្គិសនី និងបានយល់ព្រមដើម្បីរៀបចំកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង ២ នៅពេលខាងមុខ ។

ការ​ដោះ​ស្រាយ​ពី​បញ្ហា​ការ​ប្រើ​ប្រាស់​អគ្គិសនី​ និង​ផ្ទៀងផ្ទាត់​នាឡិកាស្ទង់ ​ជូន​អ្នក​ប្រើ​ប្រាស់នៅ​ ឃុំ​ត្រពាំងព្រីង ​ស្រុកតំបែរ​ ខេត្តត្បូងឃ្មុំ ​

ដោយ​​មានការ​ស្នើ​សុំ​របស់​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​នៅ​ឃុំត្រពាំង​ព្រីង​ ស្រុកតំបែរ​ ខេត្តត្បូងឃ្មុំ​ នៅ​ថ្ងៃ​ទី១៤ ​ខែមិថុនា​ឆ្នាំ២០១៧​ អាជ្ញាធរ​អគ្គិសនីកម្ពុជា​បានចាត់​តាំង​ក្រុម​ការងារ​ចុះ​ទៅ​សាលា​ឃុំ​ត្រពាំងព្រីង ​ដើម្បី​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ ដោះស្រាយ​ពី​បញ្ហា​ការ​ប្រើប្រាស់​អគ្គិសនី ​និង​ផ្ទៀងផ្ទាត់​នាឡិកា​ស្ទង់ ​ជូន​អ្នក​ប្រើប្រាស់​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ទាំងអស់​ ។ ជាលទ្ធផល ៖​ មាន​អ្នក​​ចុះ​ឈ្មោះ​​ ៤២នាក់​​ មក​ពិនិត្យ​ផ្ទៀងផ្ទាត់​បាន​ ២៤គ្រឿង​ ដើរ​ត្រឹមត្រូវ​២៣គ្រឿង ​និងខូច​ ១គ្រឿង​ ។ ក្រោយ​ពី​ការ​ដោះស្រាយ​ និង​ផ្ទៀងផ្ទាត់​នាឡិកាស្ទង់ ​​អ្នក​​ប្រើ​ប្រាស់​ទាំង​នោះបានយល់​ និង​អស់ចិត្ត​ដោយក្តីរីករាយ ​។ លោក​អ្នក​អាច​ទាញ​យក​គំរូ​លិខិត​ស្នើ​សុំ​ផ្ទៀតផ្ទាត់​នាឡិកា​ស្ទង់​តាម​រយៈ​អាសយដ្ឋានខាងក្រោម៖​ https://eac.gov.kh/letter-format/  ​​​​ ​​​​​​​​    

ការ​​​ចុះ​ពិនិត្យ​តាម​ដាន​ការ​អនុវត្ត​របស់​អ្នក​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ឃុំសត្វពង​ ស្រុកឈូក​ ខេត្តកំពត​

នៅ​ថ្ងៃទី១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៧ នេះ ​មន្ត្រី​ការិយាល័យ​កិច្ច​ការ​អ្នក​ប្រើប្រាស់​របស់​អាជ្ញាធរអគ្គិសនី​ ដែល​ជាតំណាងរបស់អ្នកប្រើប្រាស់អគ្គិសនី សហការជាមួយមន្ទីររ៉ែ និងថាមពលខេត្តបានចុះពិនិត្យតាមដានការអនុវត្តរបស់អ្នកផ្គត់ផ្គង់អគ្គិសនីនៅឃុំសត្វពង ស្រុកឈូក ខេត្តកំពត និងធ្វើការផ្សព្វផ្សាយពីនីតិវិធី និងបទបញ្ញត្តិផ្សេងៗស្តីពីសិទ្ធ និងការទទួលខុសត្រូវរវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់អគ្គិសនី ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលជាអ្នក​ប្រើប្រាស់អគ្គិសនីទាំងអស់ ។ ក្នុងគោលបំណងឲ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកប្រើប្រាស់ទាំងអស់នៅឃុំសត្វពង បានយល់ដឹងពីទំនួលខុសត្រូវរបស់ខ្លួន និងអ្នកផ្គត់ផ្គង់ឲ្យបានច្បាស់លាស់ ជៀសវាងការបំពានពីភាគីណាមួយ និងកាត់បន្ថយទំនាស់ និងការតវ៉ាផ្សេងៗដែលមិនសមស្របតាមច្បាប់ ។

ពិធី​ប្រកាស ​ការ​ចូល​កាន់​តំណែង​រ​បស់​ឯកឧត្តម​ យឹម វិសិទ្ធ​ជា​អនុប្រធានទី ១ ​អាជ្ញាធរអគ្គិសនីកម្ពុជា​

  អាជ្ញាធរអគ្គិសនីកម្ពុជា ព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៧៖ ពិធីប្រកាស ការចូលកាន់តំណែងរបស់ឯកឧត្តម យឹម វិសិទ្ធ ជាអនុប្រធានទី ១ អាជ្ញាធរអគ្គិសនីកម្ពុជា ជំនួសឯកឧត្តម ហ៊ុល គុណវុឌ្ឍ ដែលដល់អាយុចូលនិវត្តន៍ និងត្រូវបានព្រះមហាក្សត្រតែងតាំង ជាទីប្រឹក្សា អមអាជ្ញាធរអគ្គិសនីកម្ពុជា ក្រោមអធិបតី ឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងនៅចំពោះមុខមន្រ្តី និងបុគ្គលិក ទាំង ១២១ នាក់របស់អាជ្ញាធរអគ្គិសនីកម្ពុជា ។

ការ​ចុះ​ត្រួត​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​នាឡិកា​អគ្គិសនី​ជូន​អ្នក​ប្រើប្រាស់​នៅ​ភូមិ​ត្រពាំងព្រីង ​ឃុំឃុំត្រពាំងព្រី​ង​ ស្រុកតំបែរ​ ខេត្តត្បូងឃ្មុំ​

យោង តាមការស្នើសុំរបស់អ្នកប្រើប្រាស់មួយចំនួននៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ អាជ្ញាធរអគ្គិសនីកម្ពុជា បានចាត់តាំងក្រុមការងារចុះទៅកាន់តំបន់នោះ ដើម្បីជួបផ្ទាល់ ជាមួយអ្នកស្នើុសំុ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បី ធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់នាឡិកាអគ្គិសនីជូន ដោយមិន គិតកម្រៃ ។ អាជ្ញាធរអគ្គិសនីកម្ពុជាសូមបញ្ជាក់ថា ក្រៅពីអ្នកស្នើ សុំខាងលើ អ្នកប្រើប្រាស់អគ្គិសនីដទៃទៀត ដែលមានបញ្ហា ឬមាន ចំងល់អំពីនាឡិកាអគ្គិសនី អាចអញ្ជើញមកជួបក្រុមការងាររបស់ យើងខ្ញុំដែលប្រចាំការនៅសាលាឃុំត្រពាំងព្រីង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ។

ការ​ផ្សព្វផ្សាយ​និង​តម្កល់​ឯកសារ​ពិគ្រោះ​យោបល់​បញ្ចុះ​ថ្លៃ​លក់​អគ្គិសនី​នៅ​ខេត្ត​ត្បូងឃ្មុំ​

ចាប់ពី​ថ្ងៃទី២៤​ ដល់ថ្ងៃ​ទី២៦​ ខែឧសភា​ ឆ្នាំ២០១៧ ​មន្រ្តីអាជ្ញាធរអគ្គិសនីកម្ពុជាបានចុះប្រជុំផ្សព្វផ្សាយតម្កល់ឯកសារពិគ្រោះយោបល់លើការកែសម្រួលបញ្ចុះអត្រាថ្លៃលក់អគ្គិសនី របស់អ្នកកាន់អាជ្ញាបណ្ណចែកចាយអគ្គិសនីចំនួន ៩តំបន់ នៅស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ និងស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំ តាមអត្រាថ្លៃដូចខាងក្រោម៖ ១. លំនៅដ្ឋានពលរដ្ឋកម្ពុជា – ប្រើប្រាស់ក្នុង ១ ខែ មិនលើស ១០គ.វ.ម៉៖ 480រៀល/គវម៉ – ប្រើប្រាស់ក្នុង ១ ខែ ចាប់ពី១១ ដល់៥០គ.វ.ម៉៖ 610រៀល/គវម៉ – ប្រើប្រាស់ក្នុង ១ ខែ ចាប់ពី៥១ គ.វ.ម៉ ឡើងទៅ ៖ 790រៀល/គវម៉ ២. អតិថិជនទូទាត់ដោយថវិការដ្ឋ និងលំនៅដ្ឋានរស់នៅជនបរទេស – គ្រប់ទំហំប្រើប្រាស់ ៖ 790រៀល/គវម៉ ៣. អតិថិជនមានលក្ខណៈរដ្ឋបាល ពាណិជ្ជកម្ម និងឧស្សាហកម្មទាំងអស់ – អតិថិជនធុនតូចទិញពីនាឡិកាស្ទង់តង់ស្យុងទាបក្រោមបណ្តាញចែកចាយតង់ស្យុងទាប ៖ 790រៀល/គវម៉ –… អានបន្តរ »

សម័យ​ប្រជុំ​លើកទី​៣១២

  នៅ​ព្រឹក​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ អាជ្ញាធរអគ្គិសនីកម្ពុជាបានប្រារព្ធសម័យប្រជុំលើកទី ៣១២ ដើម្បីពិនិត្យ និងអនុម័ត ដូចខាងក្រោម ៖ ក- ចេញអាជ្ញាបណ្ណចែកចាយថ្មីចំនួន៣ ខ- ពិនិត្យ និងកែសម្រួលអាជ្ញាបណ្ណ ៖ ១-ដកតំបន់ចែកចាយអគ្គិសនីចំនួន២ ២-បង្កើនអាណត្តិអាជ្ញាបណ្ណចំនួន៣ ៣-ពង្រីកតំបន់ចែកចាយអគ្គិសនី និងបន្ថែមអាណត្តិអាជ្ញាបណ្ណចំនួន១ ៤-បង្កើនអាណត្តិអាជ្ញាបណ្ណ និងពង្រីកតំបន់ចែកចាយអគ្គិសនីចំនួន១ ៥-បន្តអាណត្តិអាជ្ញាបណ្ណ និងពង្រីកតំបន់ចែកចាយអគ្គិសនីចំនួន១ ៦-ពង្រីកតំបន់ចែកចាយអគ្គិសនីចំនួន១ ៧-បន្តអាណត្តិអាជ្ញាបណ្ណចំនួន៦ គ- កំណត់បញ្ជីថ្លៃលក់អគ្គិសនីរបស់អ្នកកាន់អាជ្ញបណ្ណ ១ តំបន់ នៅផ្នែកខ្លះនៃស្រុកបរិបូណ៌ និងឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ដែលមានអត្រាដូចខាងក្រោម ៖ ១. លំនៅដ្ឋានពលរដ្ឋកម្ពុជា – ប្រើប្រាស់ក្នុង ១ ខែ មិនលើស ១០គ.វ.ម៉៖ 480រៀល/គ.វម៉ – ប្រើប្រាស់ក្នុង ១ ខែ ចាប់ពី១១ ដល់៥០គ.វ.ម៉៖ 610រៀល/គ.វម៉ – ប្រើប្រាស់ក្នុង ១… អានបន្តរ »

ការចុះទៅពន្យល់អំពីនិតីវិធី ក្នុងការប្រេីប្រាស់ និង របៀបស្នេីសុំភ្ជាប់ចរន្តនៅសាលាស្រុកវាលវែង ខេត្តពោធិសាត់

  ថ្ងៃទី៩ ខែឧសភា នេះ នៅសាលាស្រុកវាលវែង ខេត្តពោធិសាត់ ក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជា រួមជាមួយមន្ទីររ៉ែ និងថាមពលខេត្ត បានបំពេញការងាររបស់ខ្លួន ក្នុងនាមជាអាជ្ញាកណ្តាលរវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រេីប្រាស់អគ្គិសនី បានជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ និងតំណាងអ្នកប្រេីប្រាស់អគ្គិសនីនៅទីនោះ ។ ក្នុងថ្ងៃនោះដែរក្រុមការងារបានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែលកំពុងប្រេីប្រាស់ និងមិនទាន់បានប្រេីប្រាស់ អគ្គិសនី ដោយបានណែនាំ ពន្យល់ អំពីនិតីវិធី ក្នុងការប្រេីប្រាស់ និង របៀបស្នេីសុំភ្ជាប់ចរន្តប្រេីប្រាស់អគ្គិសនីតាមតារាងកំណត់របស់អាជ្ញាធរអគ្គិសនី។