Posts By: admin

កិច្ច​ប្រជុំ​ពិនិត្យ​ និង​​ដោះ​ស្រាយ​បញ្ហា​រអាក់​រអួល​​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ទី​រួម​ខេត្ត​កំពង់ធំ​

ដោយ​​ពិនិត្យ​​ឃើញ​​ថា​ ​ការ​​ផ្គត់ផ្គង់​​អគ្គិសនី​​នៅ​​តំបន់​​ទី​រួ​​ម​ខេត្ត​​កំពង់ធំ ​​នា​​រយៈ​​ពេល​​ប៉ុន្មាន​សប្តាណ៍​​ចុង​​ក្រោយ​នេះ ​​មាន​​ការ​​រអាក់រអួល​​ញឹកញាប់​ ​នៅ​​ព្រឹក​​ថ្ងៃទី១៣ ​​ខែកក្កដា ​​ឆ្នាំ២០១៧ ​​ឯកឧត្តម យឹម វិសិដ្ឋ ​សមាជិកទី១​នៃ​អាជ្ញាធរអគ្គិសនីកម្ពុជា​បាន ​រៀបចំ​កិច្ចប្រជុំ១ ​ដើម្បីពិនិត្យ ​និង​ដោះស្រាយ​បញ្ហា​ខាងលើ​ ដោយ ​មាន​ការ​ចូលរួម​ពី​តំណាង​មន្ទីររ៉ែ​ និង​ថាមពល​ខេត្ត កំពង់ធំ​, តំណាង អគ្គិសនីកម្ពុជា​, តំណាងក្រុមហ៊ុន ប៊ីវីស៊ី ​និង​ តំណាងក្រុមហ៊ុន ខេម ជីលបូ ​។ បន្ទាប់​ពី​ការពិភាក្សា​គ្នា​រួចមក ​អង្គ​ប្រជុំ​បាន​ពិនិត្យ​ឃើញថា​ ត្រូវ​ត្រួត​ពិនិត្យ​លក្ខខណ្ឌ​បច្ចេកទេស​នៅ​លើ​ខ្សែ​បណ្តាញ​ដែល​បញ្ជូន ​ប្រភព​អគ្គិសនី​ពី​ខេត្តសៀមរាប​ និង​កែ​សម្រួល​បន្ទុុក​ប្រើប្រាស់​នៅ​ ទីរួមខេត្តកំពង់ធំ ​ឡើងវិញ​ ។ ​​​​​​​​​​​​​​​​​​​​​​​​    

ក្រុម​ការងារ​អាជ្ញា​ធរ​អគ្គិសនី​កម្ពុជា ​សហការ​ជាមួយ​មន្ទីររ៉ែ​ និង​ថាមពល​ខេត្ត ​ចុះ​ពិនិត្យ​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី​របស់​សេវាករ​នៅ​ខេត្តព្រះវិហារ​

  ខេត្តព្រះវិហារ ថ្ងៃទី១០ និង ១១ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជា សហការជាមួយមន្ទីររ៉ែ និងថាមពលខេត្ត បានចុះទៅកាន់ឃុំចំរើន ស្រុកសង្គមថ្មី និងទៅកាន់ឃុំភ្នំត្បែង២ ស្រុកគូលែន ដើម្បីពិនិត្យការធ្វើសេវាកម្មអគ្គិសនីរបស់សេវាករ ទៀង បូនីកា និងសេវាករ ហ៊ុយ ដានីន លើបច្ចេកទេសផ្គត់ផ្គង់អគ្គិសនី និងថ្លៃសេវានានា ។ នៅសាលាឃុំចំរើន និងនៅសាលាឃុំភ្នំត្បែង២ ក្រុមការងារបានសាកសួរអ្នកប្រើប្រាស់ និងអាជ្ញាធរភូមិឃុំ អំពីការលំបាក និងបញ្ហាប្រឈមនានាក្នុងការប្រើប្រាស់អគ្គិសនីនាពេលកន្លងមក ហើយបានអនុញ្ញាតឲ្យលើកឡើងជាសំណួរ ក៏ដូចជាសំណូមពរនានា ។ ក្រោយពីបានស្តាប់ការបកស្រាយរបស់ក្រុមការងារយ៉ាងក្បោះក្បាយរួចមក អាជ្ញាធរភូមិឃុំ និងអ្នកប្រើប្រាស់មានការយល់ដឹងច្រើន និងសន្យាជួយផ្សព្វផ្សាយបន្តដល់អ្នកប្រើប្រាស់ផ្សេងទៀត ។     

ការ​ចុះ​ពិនិត្យ​និង​ដោះ​ស្រាយ​ សំណូម​ពរ​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ ឃុំ​ចុងជាច​ ស្រុកតំបែរ ​ខេត្តត្បូងឃ្មុំ​

  យោងតាមសំណូមពររបស់លោកមេឃុំ ចុងជាច ដែលស្នើសុំឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាចុះពិនិត្យ និងដោះស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការផ្គត់ផ្គង់ អគ្គិសនី របស់សេវាករ ភិន ថៃ ដែលទទួលបន្ទុកផ្គត់ផ្គង់អគ្គិសនី នៅតំបន់នោះ នៅថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៧ អាជ្ញាធរអគ្គិសនីកម្ពុជាបានចាត់ក្រុមការងារ ដោយសហការជាមួយមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ ក្រុមប្រឹក្សាឃុំធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋដែល បានសំណូមពរ ។ ក្រោយ ពីស្តាប់ការបកស្រាយរបស់ក្រុមការងារ ប្រជាពលរដ្ឋបាន យល់ តែនៅមន្ទិល សង្ស័យចំពោះកំនើននៃការប្រើ ប្រាស់ប្រចាំខែរបស់ខ្លួន។ ពាក់ព័ន្ធបញ្ហានេះ ក្រុមកាងារ បានពន្យល់ពីបញ្ហាមួយចំនួន ដែល បណ្តាលឲ្យការប្រើប្រាស់ កើន និងស្នើឲ្យប្រជាពលរដ្ឋ ដែលនៅតែមានការសង្ស័យ ធ្វើ ការចុះឈ្មោះនៅក្នុងតារាងដែល ក្រុមការងារ ទុកជូនតាមរយៈ លោកមេឃុំ រួចផ្ញើមកអាជ្ញាធរ អគ្គិសនីកម្ពុជាដើម្បីចាត់ជំនាញ ផ្នែកនាឡិកា ស្ទង់មកពិនិត្យជូន។ ប្រជាពលរដ្ឋបានឯកភាពតាមការបកស្រាយពី ក្រុមការងារ ហើយនឹងធ្វើការចុះឈ្មោះផ្ញើមកអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីពិនិត្យជាបន្តទៀត។

កិច្ច​ប្រជុំ ​ពិភាក្សា​ដោះស្រាយ​ បញ្ហា​ដាច់​ភ្លើង​ ញឹក​ញាប់​នៅ​តំបន់​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​

កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅសាលា ខេត្តត្បូងឃ្មុំ មានរៀបចំ ដឹកនាំដោយឯកឧត្តម ប៉ែន កុសល្យអភិបាលរងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាង អាជ្ញាធរអគ្គិសនីកម្ពុជា តំណាង អគ្គិសនីកម្ពុជា តំណាងមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន និងអ្នកផ្គត់ផ្គង់អគ្គិសនីនៅតំបន់នោះ ។ ក្រោយការពិភាក្សា អង្គប្រជុំបានពិនិត្យឃើញកត្តាចំបង ដែលនាំឲ្យមានការដាច់ភ្លើង ញឹកញាប់ និងបានឯកភាពធ្វើការដោះស្រាយដូចខាងក្រោមៈ ១-កត្តាចំបងដែលបណ្តាលឲ្យដាច់ភ្លើងញឹកញាប់ គឺដោយសារអ្នកផ្គត់ផ្គង់មិនអាចកាប់សំអាតមែកឈើ ជាពិសេសដើមកៅស៊ូរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន ចេញពីខ្សែបញ្ជូនរង ២២គីឡូវ៉ុលរបស់ខ្លួនបាន ដូចជាតំបន់ឃុំគគីរ ឃុំមេមង ឃុំទន្លូង។ល។ ដែលកន្លងមកអ្នកផ្គត់ផ្គង់បាន ព្យាយាមធ្វើការសំអាតដែរ តែមិនអាចទទួលការអនុញ្ញាតពីម្ចាស់ ចំការឡើយ ។ ពាក់ព័ន្ធបញ្ហាខាងលើ អង្គប្រជុំបានតម្រូវឲ្យអ្នកផ្គត់ផ្គង់ជូនដំណឹងមកអាជ្ញាធរស្រុកដើម្បីស្រុកចាត់មន្រ្តីចុះសម្របសម្រួលជាមួយ ម្ចាស់ចំការ ។ ២-អគ្គិសនីកម្ពុជានឹងធ្វើការសិក្សាករណី បើមានការខ្វះថាមពលផ្គត់ផ្គង់នៅតំបន់ស្រុកមេមត់ នឹងលើកសំណើទៅថ្នាក់ដឹកនាំដើម្បីសាងសង់ខ្សែបន្ថែមពីតំបន់ក្រែកមកជួយនៅតំបន់ស្រុកមេមត់អាចប្រើបានប្រសើរជាបណ្តោះអាសន្ន ហើយអនាគត អគ្គិសនីកម្ពុជានឹងសាងសង់អនុស្ថានីយមួយបន្ថែម ទៀតក្នុងខេត្តត្បូងឃ្មុំ ពេលនោះ អគ្គិសនីនៅតំបន់ស្រុកមេមត់ ក៏ដូចជាតំបន់ខេត្តត្បូងឃ្មុំនឹងមានស្ថេរភាពល្អ ដូចតំបន់ដទៃទៀតដែរ។ ក្រៅពីពិភាក្សាអំពីការដាច់ភ្លើង អង្គប្រជុំបានលើកឡើងពីបញ្ហា ផ្សេងៗពាក់ព័ន្ធនឹងការផ្គត់ផ្គង់ នៅតំបន់ស្រុកមេមត់… អានបន្តរ »

ការ​ចុះ​ពិនិត្យ​ភូមិ​ដែល​ពុំ​ទាន់​មាន​ខ្សែ​បណ្តាញ​ចែក​ចាយ​ទៅ​ដល់​ នៅ​តំបន់​ស្រុក​ព្រៃ​ឈរ​ និង​ស្រុក​ចំការលើ​ ខេត្ត​កំពង់ចាម​

ដើម្បីសម្រេចនូវគោលដៅសំខាន់ៗចំនួន២ ដែលរាជរដ្ឋាភិបាលបានដាក់ចេញដូចខាងក្រោម៖ ១-ឆ្នាំ២០២០ ភូមិទាំងអស់នឹងមានអគ្គិសនីប្រើប្រាស់ ២-ឆ្នាំ២០៣០ យ៉ាងហោចណាស់ ៧០% នៃគ្រួសារទាំងអស់ទូទាំងប្រទេសអាចប្រើប្រាស់អគ្គិសនីដែលមានគុណភាពដូចអគ្គិសនីពីបណ្តាញជាតិ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ អាជ្ញាធរអគ្គិសនីកម្ពុជាបានចាត់មន្រ្តីជំនាញចុះ ពិភាក្សាជាមួយក្រុមហ៊ុន មេគង្គស្មាត ផៅវ័រ ដែលទទួលបន្ទុកផ្គត់ផ្គង់អគ្គិសនីនៅតំបន់ស្រុកព្រៃឈរ និងស្រុកចំការលើ ខេត្តកំពង់ចាម ដោយចុះពិនិត្យភូមិដែលពុំទាន់មានខ្សែបណ្តាញចែកចាយទៅដល់ ក្នុងគោល​ដៅជំរុញក្រុមហ៊ុនរៀបចំផែនការអភិវឌ្ឍន៍ទៅកាន់តំបន់ភូមិទាំងនោះឲ្យបានទាន់ពេលវេលា ។

ជំនួប​ពិភាក្សា​គ្នា​រវាងថ្នាក់ដឹងនាំអាជ្ញាធរអគ្គិសនីកម្ពុជា​ ​និង​ ​ទីភ្នាក់ងារ​ថាមពល​ប្រទេសកូរ៉េ ​ដើម្បី​រៀបចំ​កិច្ចសហប្រតិបត្តិការអំពីការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ

  នៅព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៧ ឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងឯកឧត្តម យឹម វិសិដ្ឋ អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំងជំនាញការអមអាជ្ញាធរអគ្គិសនីកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយក្រុមការងាររបស់ទីភ្នាក់ងារថាមពលប្រទេសកូរ៉េ KOREA ENERGY AGENCY ដឹកនាំដោយលោក Park Kyung-Soon ។ ក្នុងជំនួបនេះ ភាគីទាំង ២ បានផ្លាស់ប្តូរបទពិសោធន៍ អំពីការរៀបចំធ្វើផែនការអភិវឌ្ឍន៍វិស័យអគ្គិសនី ការគ្រប់គ្រងវិស័យអគ្គិសនី និងបានយល់ព្រមដើម្បីរៀបចំកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង ២ នៅពេលខាងមុខ ។

ការ​ដោះ​ស្រាយ​ពី​បញ្ហា​ការ​ប្រើ​ប្រាស់​អគ្គិសនី​ និង​ផ្ទៀងផ្ទាត់​នាឡិកាស្ទង់ ​ជូន​អ្នក​ប្រើ​ប្រាស់នៅ​ ឃុំ​ត្រពាំងព្រីង ​ស្រុកតំបែរ​ ខេត្តត្បូងឃ្មុំ ​

ដោយ​​មានការ​ស្នើ​សុំ​របស់​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​នៅ​ឃុំត្រពាំង​ព្រីង​ ស្រុកតំបែរ​ ខេត្តត្បូងឃ្មុំ​ នៅ​ថ្ងៃ​ទី១៤ ​ខែមិថុនា​ឆ្នាំ២០១៧​ អាជ្ញាធរ​អគ្គិសនីកម្ពុជា​បានចាត់​តាំង​ក្រុម​ការងារ​ចុះ​ទៅ​សាលា​ឃុំ​ត្រពាំងព្រីង ​ដើម្បី​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ ដោះស្រាយ​ពី​បញ្ហា​ការ​ប្រើប្រាស់​អគ្គិសនី ​និង​ផ្ទៀងផ្ទាត់​នាឡិកា​ស្ទង់ ​ជូន​អ្នក​ប្រើប្រាស់​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ទាំងអស់​ ។ ជាលទ្ធផល ៖​ មាន​អ្នក​​ចុះ​ឈ្មោះ​​ ៤២នាក់​​ មក​ពិនិត្យ​ផ្ទៀងផ្ទាត់​បាន​ ២៤គ្រឿង​ ដើរ​ត្រឹមត្រូវ​២៣គ្រឿង ​និងខូច​ ១គ្រឿង​ ។ ក្រោយ​ពី​ការ​ដោះស្រាយ​ និង​ផ្ទៀងផ្ទាត់​នាឡិកាស្ទង់ ​​អ្នក​​ប្រើ​ប្រាស់​ទាំង​នោះបានយល់​ និង​អស់ចិត្ត​ដោយក្តីរីករាយ ​។ លោក​អ្នក​អាច​ទាញ​យក​គំរូ​លិខិត​ស្នើ​សុំ​ផ្ទៀតផ្ទាត់​នាឡិកា​ស្ទង់​តាម​រយៈ​អាសយដ្ឋានខាងក្រោម៖​ https://eac.gov.kh/letter-format/  ​​​​ ​​​​​​​​    

ការ​​​ចុះ​ពិនិត្យ​តាម​ដាន​ការ​អនុវត្ត​របស់​អ្នក​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ឃុំសត្វពង​ ស្រុកឈូក​ ខេត្តកំពត​

នៅ​ថ្ងៃទី១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៧ នេះ ​មន្ត្រី​ការិយាល័យ​កិច្ច​ការ​អ្នក​ប្រើប្រាស់​របស់​អាជ្ញាធរអគ្គិសនី​ ដែល​ជាតំណាងរបស់អ្នកប្រើប្រាស់អគ្គិសនី សហការជាមួយមន្ទីររ៉ែ និងថាមពលខេត្តបានចុះពិនិត្យតាមដានការអនុវត្តរបស់អ្នកផ្គត់ផ្គង់អគ្គិសនីនៅឃុំសត្វពង ស្រុកឈូក ខេត្តកំពត និងធ្វើការផ្សព្វផ្សាយពីនីតិវិធី និងបទបញ្ញត្តិផ្សេងៗស្តីពីសិទ្ធ និងការទទួលខុសត្រូវរវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់អគ្គិសនី ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលជាអ្នក​ប្រើប្រាស់អគ្គិសនីទាំងអស់ ។ ក្នុងគោលបំណងឲ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកប្រើប្រាស់ទាំងអស់នៅឃុំសត្វពង បានយល់ដឹងពីទំនួលខុសត្រូវរបស់ខ្លួន និងអ្នកផ្គត់ផ្គង់ឲ្យបានច្បាស់លាស់ ជៀសវាងការបំពានពីភាគីណាមួយ និងកាត់បន្ថយទំនាស់ និងការតវ៉ាផ្សេងៗដែលមិនសមស្របតាមច្បាប់ ។

ពិធី​ប្រកាស ​ការ​ចូល​កាន់​តំណែង​រ​បស់​ឯកឧត្តម​ យឹម វិសិទ្ធ​ជា​អនុប្រធានទី ១ ​អាជ្ញាធរអគ្គិសនីកម្ពុជា​

  អាជ្ញាធរអគ្គិសនីកម្ពុជា ព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៧៖ ពិធីប្រកាស ការចូលកាន់តំណែងរបស់ឯកឧត្តម យឹម វិសិទ្ធ ជាអនុប្រធានទី ១ អាជ្ញាធរអគ្គិសនីកម្ពុជា ជំនួសឯកឧត្តម ហ៊ុល គុណវុឌ្ឍ ដែលដល់អាយុចូលនិវត្តន៍ និងត្រូវបានព្រះមហាក្សត្រតែងតាំង ជាទីប្រឹក្សា អមអាជ្ញាធរអគ្គិសនីកម្ពុជា ក្រោមអធិបតី ឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងនៅចំពោះមុខមន្រ្តី និងបុគ្គលិក ទាំង ១២១ នាក់របស់អាជ្ញាធរអគ្គិសនីកម្ពុជា ។

ការ​ចុះ​ត្រួត​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​នាឡិកា​អគ្គិសនី​ជូន​អ្នក​ប្រើប្រាស់​នៅ​ភូមិ​ត្រពាំងព្រីង ​ឃុំឃុំត្រពាំងព្រី​ង​ ស្រុកតំបែរ​ ខេត្តត្បូងឃ្មុំ​

យោង តាមការស្នើសុំរបស់អ្នកប្រើប្រាស់មួយចំនួននៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ អាជ្ញាធរអគ្គិសនីកម្ពុជា បានចាត់តាំងក្រុមការងារចុះទៅកាន់តំបន់នោះ ដើម្បីជួបផ្ទាល់ ជាមួយអ្នកស្នើុសំុ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បី ធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់នាឡិកាអគ្គិសនីជូន ដោយមិន គិតកម្រៃ ។ អាជ្ញាធរអគ្គិសនីកម្ពុជាសូមបញ្ជាក់ថា ក្រៅពីអ្នកស្នើ សុំខាងលើ អ្នកប្រើប្រាស់អគ្គិសនីដទៃទៀត ដែលមានបញ្ហា ឬមាន ចំងល់អំពីនាឡិកាអគ្គិសនី អាចអញ្ជើញមកជួបក្រុមការងាររបស់ យើងខ្ញុំដែលប្រចាំការនៅសាលាឃុំត្រពាំងព្រីង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ។