ទំព័រដើម

1 2 3 4 5 6

ច្បាប់ស្តីពីអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើ​ដោយ​ព្រះ​រាជ​ក្រម​លេខ នស/រកម/០២០១ /០៣ ចុះ​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ២០០១។ ច្បាប់នេះ​មាន​គោលដៅ៖

១- ធានាការពារសិទ្ធិអ្នកប្រើប្រាស់ដើម្បីទទួលបាននូវការផ្គត់ផ្គង់សេវាកម្មអគ្គិសនី​មួយ​ដែល​មាន​ស្ថេរភាព និងគ្រប់គ្រាន់​តាម​តម្លៃ​សមរម្យ​

២-បង្កើនកម្មសិទ្ធិឯកជនលើមធ្យោបាយសម្រាប់ការផ្តល់សេវាកម្មអគ្គិសនី។

៣-បង្កើនការប្រកួតប្រជែងនៅទីណាដែលអាចធ្វើទៅបានក្នុងផ្នែកអគ្គិសនី។

៤-បង្កើតអាជ្ញាធរអគ្គិសនី សម្រាប់បញ្ញត្តិចំពោះការផ្តល់សេវាកម្មអគ្គិសនី​សម្រាប់​ផ្តល់​សិទ្ធិ និង​កាតព្វ​កិច្ច​ព្រមទាំង​ពិន័យ​ចំពោះ​អ្នក​ផ្គត់ផ្គង់ និង​អ្នក​ប្រើប្រាស់​អគ្គិសនី​ទាក់ទង​ទៅ​នឹង​មធ្យោបាយ​ផលិតកម្ម និង​ផ្គត់ផ្គង់​អគ្គិសនី។

៥-ល័ក្ខខ័ណ្ឌសមស្របក្នុងការវិនិយោគនិងក្នុងកិច្ចប្រតិបត្តិការពាណិជ្ជកម្មនៃវិស័យអគ្គិសនី។

អាជ្ញាធរអគ្គិសនីកម្ពុជា ជាស្ថាប័នស្វ័យយ័តមួយ ដែលបង្កើត​ឡើង​សម្រាប់​បញ្ញត្តិ និង​ត្រួត​ពិនិត្យ​ចំពោះ​ការផ្តល់​សេវាកម្ម​អគ្គិសនី​ទូទាំង​ប្រទេស។ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​មាន​ភារកិច្ច​ចេញ​អាជ្ញាប័ណ្ណ​ធ្វើសេវាកម្ម អនុម័ត និងដាក់​ឱ្យ​អនុវត្ត​ស្តង់ដារ​ប្រតិបត្តិ​សម្រាប់​អ្នក​កាន់​អាជ្ញាប័ណ្ណ ដើម្បី​ធានា​នូវ​គុណភាព​នៃ​ការ​ផ្គត់ផ្គង់ និង​ផ្តល់​សេវាកម្ម​ឱ្យ​អ្នក​ប្រើ​ប្រាស់ និង​កំណត់អត្រា​ថ្លៃ​លក់ និងបន្ទុក​សេវា​អគ្គិសនី ដើម្បី​ឱ្យ​យុត្តិធម៑​សម្រាប់​អ្នក​ប្រើប្រាស់ និង​អ្នក​កាន់​អាជ្ញាប័ណ្ណ។

អ្នកកាន់អាជ្ញាប័ណ្ណ ឬអ្នកប្រើប្រាស់អាចបញ្ជូនវិវាទលើថ្លៃលក់ ឬ វិវាទកិច្ចសន្យា​ទាក់ទង​ទៅ​នឹង​សេវាកម្ម​អគ្គិសនី​មក​អាជ្ញាធរ​អគ្គិសនី​ដើម្បី​ដោះ​ស្រាយ។

អាជ្ញាធរអគ្គិសនីកម្ពុជានៅទីនេះ​សម្រាប់​ជួយ​សម្រួល​ឱ្យ​លោកអ្នក​ទទួល​បាន​នូវ​សេវា​អគ្គិសនី​មួយ​កាន់​តែ​ប្រសើរ​ឡើង​តាម​អត្រា​ថ្លៃ​លក់​មួយ​សមរម្យ សម្រាប់​លំនៅ​ដ្ឋាន សហគ្រាស និង​អង្គភាព​ជំនួញ​របស់​លោក​អ្នក ៕