អំពីយើង

អាជ្ញាធរអគ្គិសនីកម្ពុជាជានីតិបុគ្គលសាធារណៈដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាល និង​មាន​ស្វ័យភាព​ក្នុង​ការ​ត្រួត​ពិនិត្យ​លើ​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី និង​ការ​គ្រប់​គ្រង​លើ​ទំនាក់​ទំនង​រវាង​ការ​ផ្តល់​ការ​ទទួល និង​ការ​ប្រើ​ប្រាស់​សេវា​អគ្គិសនី។ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បង្កើត​ឡើង​ដោយ​ច្បាប់​ស្តី​ពី​អគ្គិសនី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។

សមត្ថកិច្ចទទួលខុសត្រូវរវាងក្រសួង រ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនីកម្ពុជា៖

  • ក្រសួង រ៉ែ និងថាមពលជាអ្នកទទួលខុសត្រូវគ្រប់គ្រងវិស័យអគ្គិសនីទាំងមូល។ ក្រសួង​មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់​គ្រង​គោល​នយោបាយ យុទ្ធសាស្ត្រ ផែនការ​អភិវឌ្ឍន៍ និងស្តង់ដារ​បច្ចេក​ទេស សុវត្ថិភាព និងបរិស្ថាន នៃវិស័យអគ្គិសនី។
  • អាជ្ញាធរ​​​អគ្គិសនីកម្ពុជា ជាអ្នកទទួលខុសត្រូវគ្រប់គ្រងសកម្មភាពនៃការធ្វើសេវាកម្ម និងការ​ប្រើប្រាស់​អគ្គិសនី។ អាជ្ញាធរ​មាន​សមត្ថកិច្ច ចេញ​ ដកហូត ឬព្យួរ​អាជ្ញាប័ណ្ណ​សម្រាប់​ការ​ធ្វើ​​សេវាកម្ម​អគ្គិសនី ព្រមទាំង​ជា​អ្នក​កំណត់​ថ្លៃសេវា ចេញបញ្ញតិ ធ្វើ​ការ​ត្រួត​ពិនិត្យ ដាក់​ពិន័យ និង​​ដោះ​ស្រាយ​​វិវាទ​​ពាក់​​ព័ន្ធ​នឹង​​ការ​​ផ្តល់​​សេវា និង​ការ​​ប្រើ​ប្រាស់​​អគ្គិសនី។

សមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួង រ៉ែ និងថាមពល៖

  • កំណត់ និងគ្រប់គ្រងគោលនយោបាយថាមពល
  • កំណត់ និងគ្រប់គ្រងយុទ្ធសាស្ត្រវិស័យអគ្គិសនី
  • កំណត់ និងគ្រប់គ្រងផែនការអភិវឌ្ឍន៍វិស័យអគ្គិសនី
  • កំណត់ និងគ្រប់គ្រងស្តង់ដារបច្ចេកទេស សុវត្ថិភាព និងបរិស្ថាន ក្នុងវិស័យអគ្គិសនី
  • ការងារផ្សេងទៀត។

សមត្ថកិច្ចទទួលខុសត្រូវរបស់អាជ្ញាធរអគ្គិសនីកម្ពុជា៖

  • ដាក់បញ្ញតិ និងចេញអាជ្ញាប័ណ្ណឲ្យធ្វើសេវាកម្មអគ្គិសនី
  • ពិនិត្យថ្លៃដើម និងកំណត់ថ្លៃលក់អគ្គិសនី
  • សម្របសម្រួលដោះស្រាយវិវាទ
  • ត្រួតពិនិត្យ និងដាក់ពិន័យអ្នកធ្វើសេវាកម្មនិងអ្នកប្រើប្រាស់។

សិទ្ធិអំណាចរបស់អាជ្ញាធរអគ្គិសនីកម្ពុជា៖

មាត្រា៧ នៃច្បាប់ស្តីពីអគ្គិសនីបានផ្តល់សិទ្ធិអំណាចសំខាន់ៗចំនួន ១៥ចំណុច​ ឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាដូចខាងក្រោម៖

១- ចេញ កែសម្រួល ព្យួរ ដកហូត ឬបដិសេធ អាជ្ញាប័ណ្ណសម្រាប់ការផ្គត់ផ្គង់សេវាកម្មអគ្គិសនី

២-អនុម័តថ្លៃ និងបន្ទុកចំណាយផ្សេងៗព្រមទាំងល័ក្ខខ័ណ្ឌនៃសេវាកម្មអគ្គិសនីរបស់អ្នកកាន់អាជ្ញាប័ណ្ណ

៣-កំណត់ឲ្យអនុវត្តបញ្ញតិ្ត បែបបទនិងស្តង់ដារសម្រាប់កម្មវិធីវិនិយោគរបស់អ្នកកាន់អាជ្ញាប័ណ្ណ

៤-ពិនិត្យឡើងវិញលើសកម្មភាពហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធសហគ្រាសរបស់អ្នកកាន់អាជ្ញាប័ណ្ណ

៥-អនុម័ត និងដាក់ឲអនុវត្តស្តង់ដារប្រតិបត្តិសម្រាប់អ្នកកាន់អាជ្ញាប័ណ្ណ

៦-វាយតម្លៃ និងសម្រុះសម្រួលបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់ និងវិវាទកិច្ចសន្យាដែលពាក់ព័ន្ធ និងអ្នកកាន់ អាជ្ញាប័ណ្ណ

៧-អនុម័ត និងដាក់ឲប្រតិបត្តិនូវប្រព័ន្ធគណនីឯកភាពសម្រាប់អ្នកកាន់អាជ្ញាប័ណ្ណទាំងអស់

៨-រៀបចំ និងផ្សព្វផ្សាយរបាយការណ៍លើវិស័យអគ្គិសនី និងព័ត៌មានពាក់ព័ន្ធនានា

៩-កំណត់កម្រៃនានា ដែលត្រូវអនុវត្តលើអ្នកកាន់អាជ្ញាប័ណ្ណ

១០-កំណត់បែបបទផ្តល់ព័ត៌មានដល់សាធារណជន អំពីកិច្ចការក្នុងសមត្ថកិច្ចរបស់ខ្លួនដើម្បីធានាតម្លាភាព

១១-ចេញបញ្ញត្តិ និងបទបញ្ជាសមស្រប ព្រមទាំងបញ្ជាផ្អាកជាបណ្តោះអាសន្នឬាស្ថាពរចំពោះ សេវាកម្មអគ្គិសនី

១២-ពិន័យជាប្រាក់ ផ្អាកការប្រើប្រាស់អគ្គិសនី ព្យួរឬដកហូតអាជ្ញាប័ណ្ណ ចំពោះ​ករណី​រំលោភ​លើ​ច្បាប់​នេះ និង​លិខិត​បទដ្ឋាន​នានា ព្រម​ទាំង​បញ្ញត្តិ​ផ្សេងៗ​ទៀត​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា

១៣-តម្រូវឲ្យអ្នកធ្វើសេវាកម្ម និងអ្នកប្រើប្រាស់អគ្គិសនី​គោរព​ប្រតិបត្តិ​នូវ​រាល់​វិធាន​ដែល​ទាក់​ទង​នឹង​​សន្តិសុខ ថាមពល សេដ្ឋកិច្ច បរិស្ថាន របស់​ប្រទេស​ជាតិ ព្រម​ទាំង​គោល​នយោបាយ ដ៏ទៃ​ទៀត​របស់​រាជ​រដ្ឋាភិបាល

១៤-ចាត់វិធានការផ្សេងទៀតចំពោះបញ្ហាបន្ទាប់បន្សំ ឬដែលជាផលវិបាកស្តែងចេញពីមុខងារ ដូចបានរៀបរាប់ ខាងលើនេះ

១៥-បង្កើតល័ក្ខខ័ណ្ឌជ្រើសរើស និងប្រើប្រាស់មន្ត្រី-បុគ្គលិកអាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំងជំនាញការ ឬ ទីប្រឹក្សា

រចនាសម្ព័ន្ធការងារ៖

អាជ្ញាធរអគ្គិសនីកម្ពុជាសម្រេច និងអនុម័តបញ្ហាគន្លឹះសំខាន់ៗ តាមរយៈការពិនិត្យ និងការ​បោះ​ឆ្នោត​នៅ​ក្នុង​សម័យ​ប្រជុំ។ ដូច្នេះ​​សម័យ​ប្រជុំ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា គឺ​ជា​អង្គការ​សម្រេច​ការងារ​ខ្ពស់​បំផុត​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា។ មាត្រា២១ នៃ​ច្បាប់​ស្តី​ពី​អគ្គិសនី​បាន​កំណត់​ថា សមាជិក​ទាំង​អស់​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ត្រូវ​មាន​សម្លេង​ក្នុង​ការ​បោះឆ្នោត​លើ​រាល់​បញ្ហា​ដែល​តម្រូវ​ឲ្យ​មាន​ការ​អនុម័ត​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ការ​អនុម័ត​នេះត្រូវ​ផ្អែក​លើ​សម្លេង​ភាគ​ច្រើន។

អាជ្ញាធរអគ្គិសនីកម្ពុជាមានសមាជិកទាំងអស់៣រូប​ ដែលក្នុងនោះមាន១រូប ជាប្រធាន។ ប្រធាន និងសមាជិក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា តែង​តាំង​ដោយ​ព្រះ​រាជ​ក្រឹត្យ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី។ សមាជិក​និមួយៗ​មាន​អាណត្តិ ៣ឆ្នាំ ហើយ​ត្រូវ​បញ្ចប់​ក្នុង​ពេល​ខុសៗ​គ្នា លើក​លែង​តែ​ក្នុង​អាណត្តិ​ដំបូង។ ប្រធាន​មាន​ឋានៈ​ស្មើ​រដ្ឋ​លេខាធិការ សមាជិក ដ៏ទៃ​ទៀត​មាន​ឋានៈ​ស្មើ​នឹង​អនុ​រដ្ឋ​លេខាធិការ។ សមាជិក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ត្រូវ​ចូល​និវត្តន៍​នៅ​ពេល​អាយុ​៦០ឆ្នាំ។

ចុច​ ទីនេះ ដើម្បីមើលរចនាសម្ព័ន្ធគ្រប់គ្រងការងារថ្មីរបស់អាជ្ញាធរអគ្គិសនីកម្ពុជា

ថវិកា៖

អាជ្ញាធរអគ្គិសនីកម្ពុជាមានថវិកាស្វ័យ័តមួយសម្រាប់កិច្ចការប្រតិបត្តិរបស់ខ្លួន។ ថវិកា​នេះ​គឺ​ជា​កម្រៃ​ដែល​អ្នក​សុំ​អាជ្ញាប័ណ្ណ និង​អ្នក​កាន់​អាជ្ញាប័ណ្ណ​ត្រូវ​បង់​តាម​ការ​កំណត់​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា។ កម្រៃ​នេះ​​ហៅថា កម្រៃ​អាជ្ញាប័ណ្ណ។​ កម្រិត​អតិ​បរមា​នៃ​កម្រៃ​អាជ្ញាប័ណ្ណ​កំណត់​ដោយ​រាជ​រដ្ឋា​ភិ​បាល។

ថវិការបស់អាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវដាក់ដំកល់ក្នុងគណនីមួយនៅធនាគាររដ្ឋ​ នៃព្រះ​រាជា​ណាចក្រ​កម្ពុជា។ មាន​តែ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ទេ ដែល​មាន​សិទ្ធិ​ប្រើប្រាស់​ថវិកា​នេះ។

អាជ្ញាធរអគ្គិសនី​កម្ពុជា​ត្រូវរៀបចំគម្រោងថវិកាសម្រាប់ឆ្នាំការិយបរិច្ឆេទនិមួយៗ ដែលមាន​កំណត់​ចំណូល និង​ចំណាយ​របស់​អាជ្ញាធរ។ គម្រោង​នេះ​ត្រូវ​កំណត់​ច្បាស់លាស់​នូវ​កម្រៃ​អាជ្ញាប័ណ្ណ​សម្រាប់​ឆ្នាំ​ការិយ​បរិច្ឆេទ​និមួយៗ រួម​ទាំង​វិធី​គណនា​កម្រៃ​អាជ្ញាប័ណ្ណ ព្រម​ទាំង​បៀវត្សរ៍ និង​ប្រាក់​បំណាច់​ផ្សេងៗ​ទៀត​ដែល​ត្រូវ​ទូទាត់​ជូន​សមាជិក និង​មន្ត្រី​ជាន់​ខ្ពស់​របស់​អាជ្ញាធរ។ គម្រោង​ថវិកា​នេះត្រូវ​ដាក់​ជូន​រាជ​រដ្ឋាភិបាល​ពិនិត្យ​សម្រេច៕

បេសកកម្ម៖

អាជ្ញាធរអគ្គិសនីកម្ពុជា មានបេសកកម្មដូចខាងក្រោម៖

  • បង្កើតបរិយាកាសដ៏សមស្រប និងគតិយុត្តិមួយក្នុងវិស័យអគ្គិសនីនៅកម្ពុជា​សម្រាប់​ជម្រុញ​ឲ្យមាន​ការប្រកួត​ប្រជែង​ដោយ​យុត្តិធម៌ ក្នុង​ការ​ធ្វើ​អា​ជីវ​កម្ម​អគ្គិសនី ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​ដែល​មាន​ចរិក​យូរ​អង្វែង​មាន​ប្រសិទ្ធិ​ភាព និង​មាន​គុណ​ភាព ព្រម​ទាំង​ជំរុញ​ និង​លើក​កំពស់​ផ្នែក​ឯក​ជន​​ឲ្យ​ដើរ​តួនាទី​ជា​កំលាំង​ចលករ​នៃ​កំណើន​សេដ្ឋកិច្ច។
  • ការពារ​សិទ្ធិ​អ្នក​ប្រើប្រាស់ ដើម្បី​ទទួល​បាន​នូវ​ការ​ផ្គត់ផ្គង់​សេវាកម្ម​អគ្គិសនី​ដែល​មាន​ស្ថេរភាព គុណភាព និង​គ្រប់គ្រាន់​តាម​តម្លៃ​សមរម្យ។
  • បង្កើតឲ្យមានការប្រកួតប្រជែងនៅទីណាដែលអាចធ្វើទៅបាន ក្នុងវិស័យអគ្គិសនី។
  • បង្កើតល័ក្ខខ័ណ្ឌដើម្បីឲ្យមានការផ្គត់ផ្គង់អគ្គិសនី និងការប្រើប្រាស់អគ្គិសនី​ប្រព្រឹត្រ​ទៅ​ដោយ​ប្រសិទ្ធិភាព គុណភាព ចីរភាព និងតម្លាភាព៕