របាយការណ៍​បូក​សរុប​ការងារ​ផ្តល់​សេវា​កម្ម​អគ្គិសនី​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បញ្ចប់​ឆ្នាំ​២០១៦​និង​បញ្ហា​ប្រឈម​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​២០១៦

16300537_1719355008354478_8994215855924072669_o

របាយការណ៍បូកសរុបការងារផ្តល់សេវាកម្មអគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជាបញ្ចប់ឆ្នាំ២០១៦និងបញ្ហាប្រឈមដែលបានកើតឡើងនៅឆ្នាំ២០១៦ ដោយឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងឱកាសសន្និបាតបូកសរុបការងារបញ្ចប់ឆ្នាំ ២០១៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជាធ្វើនៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភូកេត្រា ភ្នំពេញ

————

ឯកឧត្តមរដ្ឋមន្ត្រីជាទីគោរព ឯកឧត្តម អស់លោក លោកស្រី អង្គសន្និបាតទាំងមូល

ដើម្បីជាកិច្ច​ចាប់ផ្តើម​សន្និបាត ​អនុញ្ញាតឲ្យខ្ញុំក្នុងនាមនៃអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើរបាយការណ៍ជូនអង្គសន្និបាតអំពីវឌ្ឍនភាពនៃការអភិវឌ្ឍន៍វិស័យអគ្គិសនីរបស់ព្រះ​រាជា​​ណា​ចក្រកម្ពុជាយើង គិតមកទល់នឹងចុងឆ្នាំ ២០១៦ ។

ខ្ញុំសូមជំរាបជូនថា របាយការណ៍ស្តីពីវឌ្ឍនភាពនេះ យើងខ្ញុំបានសង្ខេបជាឯកសារ ៨ ទំព័រ រួចបានចែកជូនសមាជិក សមា​ជិកាទាំងអស់នៃអង្គសន្និបាតយើងរួចហើយ (អាចទាញយករបាយការណ៍នេះ http://eac.gov.kh/…/2016-Salient-Features-of-Power-Developm… ) ដូច្នេះអ្វីដែលខ្ញុំចង់ជំរាបជូនបន្ថែមនៅពេលនេះ គឺជាចំណុចសំខាន់ៗដែលអង្គសន្និបាតយើងគួរកត់សំគាល់បន្ថែមពីលើការអានរបាយការណ៍នេះប៉ុណ្ណោះ ។ បន្តទៅនេះ ខ្ញុំសូមបង្ហាញនូវការកត់សំគាល់របស់ខ្ញុំបន្ថែមលើរបាយការណ៍នេះ ដូចខាងក្រោម៖

➢ គោលដៅនៃការអភិវឌ្ឍន៍ការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា គឺការសាងសង់បណ្តាញជាតិដែលមានខ្សែបញ្ជូនអគ្គិសនីធំៗនិងអនុស្ថានីយតភ្ជាប់គ្នា ជាមួយនឹងការសាងសង់ប្រភពអគ្គិសនីបន្ថែមបន្តបន្ទាប់ ដើម្បីផ្តល់ប្រភពអគ្គិសនីឲ្យទាន់កំណើននៃសេចក្តីត្រូវការប្រើប្រាស់ និងការសាងសង់បណ្តាញបញ្ជូនរង និងចែកចាយអគ្គិសនី ដើម្បីធ្វើការបញ្ជូននិងចែកចាយប្រភពអគ្គិសនីដែលយើងបានសាងសង់ទាំងនេះ ទៅផ្គត់ផ្គង់ឲ្យអ្នកប្រើប្រាស់អគ្គិសនីនៅទូទាំងប្រទេសកម្ពុជា ។ លើមូលដ្ឋាននៃគោលដៅនេះ ក្នុងឯកសាររបាយការណ៍ស្តីពីវឌ្ឍនភាព យើងខ្ញុំបានបង្ហាញនូវសមិទ្ធផលនៃការអភិវឌ្ឍប្រភពអគ្គិសនី ការអភិវឌ្ឍន៍បណ្តាញជាតិ ការអភិវឌ្ឍន៍បណ្តាញបញ្ជូនរង ការអភិវឌ្ឍន៍បណ្តាញចែកចាយ ការភ្ជាប់អគ្គិសនីឲ្យអ្នកប្រើប្រាស់ និងការបន្ថយថ្លៃអគ្គិសនីនៅកម្ពុជា រហូតដល់ចុង ឆ្នាំ ២០១៦ ។

➢ ចំពោះសមិទ្ធផលនៃការអភិវឌ្ឍន៍ប្រភពអគ្គិសនី នៅឆ្នាំ ២០១៦ សមាមាត្រនៃការនាំចូលពីប្រទេសជិតខាងបានថយចុះពី ២៥.៧៣% មកត្រឹម ២២.០៦% រួចប្រភពថាមពលដែលបានប្រើប្រាស់បានកើនឡើងចំនួន ១៩.៧៩% ។ អនុភាពប្រភពអគ្គិសនីក្នុងស្រុកនៅឆ្នាំ ២០១៦ មានចំនួន ១,៥៩២ មេហ្កាវ៉ាត់ បើគិតតាមស្តង់ដារថ្លៃមធ្យម ២ លានដុល្លា ក្នុង១មេហ្កាវ៉ាត់ ទំហំវិនិយោគលើប្រភពអគ្គិសនី​ក្នុងស្រុកទាំងអស់មានចំនួន ៣,១៨៤ លានដុល្លាអាមេរិក ។ នៅឆ្នាំ ២០១៧ យើងគ្រោងដាក់ឲ្យដំណើរការរោងចក្រធ្យូងថ្ម ១ គ្រឿងទំហំ ១៣៥ ម៉េហ្កាវ៉ាត់បន្ថែមទៀត ដើម្បីទប់ទល់នឹងកំណើនសេចក្តីត្រូវការប្រើប្រាស់បន្ថែមទៀត និងបន្ថយការនាំចូលពីប្រទេសជិតខាងឲ្យ​មក​នៅត្រឹម ២០% ។

➢ ចំពោះសមិទ្ធផលនៃការអភិវឌ្ឍន៍បណ្តាញបញ្ជូន និងអនុស្ថានីយ ដែលជាឆ្អឹងខ្នងនៃការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា នៅឆ្នាំ ២០១៦ យើងបានបន្តការសាងសង់ និងដាក់ឲ្យដំណើរការបណ្តាញបញ្ជូន និងអនុស្ថានីយ ​ជាបន្តបន្ទាប់ ធ្វើឲ្យយើងមានបណ្តាញតង់ស្យុងខ្ពស់ចំនួន ១,៥២៥ គីឡូម៉ែត្រ និងមានអនុស្ថា​នីយ ចំនួន ២៥ គ្របដណ្តប់ផ្ទាល់លើខេត្តចំនួន ១៤ និងមិនផ្ទាល់ ៤ ខេត្តទៀត ។ ប្រសិនបើប៉ាន់ស្មានតាមអត្រាថ្លៃមធ្យម ទំហំវិនិយោគលើខ្សែបណ្តាញតង់ស្យុងខ្ពស់ និងលើអនុស្ថានីយខាងលើ មានចំនួន ៨៣៤ លានដុល្លាអាមេរិក ។

➢ ចំពោះការអភិវឌ្ឍន៍បណ្តាញបញ្ជូនរង បណ្តាញចែកចាយ និងការភ្ជាប់ចរន្តឲ្យអ្នកប្រើប្រាស់ នៅឆ្នាំ ២០១៦ យើងឃើញសមិទ្ធផលផ្នែកនេះមានសន្ទុះ​កើនឡើងខ្លាំង ក្នុងនោះខ្សែបណ្តាញ ២២ គីឡូ​វ៉ុលមានចំនួនឡើងដល់ ២៨,៨៩២ គម ត្រង់ស្វូចែកចាយកើនឡើងដល់ ១២,៦០៥ គ្រឿង ខ្សែបណ្តាញចែកចាយតង់ស្យុងទាបកើនដល់ ២៦,៦៧៩ គម និងការភ្ជាប់ចរន្តជូនអ្នកប្រើប្រាស់កើនដល់ ២,១៥៩,៣២៤ កន្លែង ។ ប្រសិនបើប៉ាន់ស្មានតាមអត្រាថ្លៃមធ្យម ទំហំវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខាងលើនេះ មានចំនួនសរុប ១,១៧២ លានដុល្លាអាមេរិក ដែលក្នុងនោះវិនិយោគរបស់អគ្គិសនីកម្ពុជាមានចំនួន ៣៩៦ លានដុល្លាអាមេរិក និងវិនិយោគរបស់សេវាករផ្គត់ផ្គង់អគ្គិសនីឯកជនមានចំនួន ៧៧៦ លានដុល្លាអាមេរិក ។

➢ ក្នុងឆ្នាំ ២០១៦ ការផ្គត់ផ្គង់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជាមាន ៣ ប្រភេទគឺ៖ ១.ការផ្គត់ផ្គង់ដោយប្រភពបណ្តាញជាតិ ដែលដែនអាជ្ញាបណ្ណនៃការផ្គត់ផ្គង់ប្រភេទនេះគ្របដណ្តប់លើភូមិចំនួន ៧៥.៧៧% នៃភូមិសរុបនៅកម្ពុជា ២.ការផ្គត់ផ្គង់ក្បែរព្រំដែនដោយប្រភពនាំចូលពីប្រទេសជិតខាង ដែលដែនអាជ្ញាបណ្ណនៃការផ្គត់ផ្គង់ប្រភេទនេះគ្របដណ្តប់លើភូមិចំនួន១៧.៨៨% នៃភូមិសរុបនៅកម្ពុជា និង៣.ការផ្គត់ផ្គង់ដោយប្រភពម៉ាស៊ីនដ្យេសែលតូចៗ ដែលដែនអាជ្ញាបណ្ណនៃការផ្គត់ផ្គង់ប្រភេទនេះគ្របដណ្តប់លើភូមិចំនួន ៣.៧៥% នៃភូមិសរុបនៅកម្ពុជា ។ ដែនអាជ្ញាបណ្ណដែលយើងបានផ្តល់ទូទាំងកម្ពុជាបានកើនឡើងពី ៩៥.៥៩% នៅឆ្នាំ ២០១៥ មក ៩៧.៤២% នៅឆ្នាំ ២០១៦ ឯការសាងសង់ខ្សែបណ្តាញចែកចាយឲ្យតាមភូមិ បានកើនឡើងពី ៦៦.៥៥% នៅឆ្នាំ ២០១៥ មក ៧៤.៧៤%នៃភូមិសរុបនៅកម្ពុជា នៅឆ្នាំ ២០១៦ ។ ការភ្ជាប់អគ្គិសនី​ឲ្យទីតាំងប្រើប្រាស់សរុបបានកើនឡើងពី ១,៧៥៩,៧៩៧ ទីតាំង នៅឆ្នាំ២០១៥ មក ២,១៥៩,៣២៤ ទីតាំងនៅចុងឆ្នាំ ២០១៦ ដែលនៅក្នុងនោះបើយើងគិតតែពីការភ្ជាប់អគ្គិសនីឲ្យគេហដ្ឋានប្រជាពលរដ្ឋសុទ្ធសាធ ក៏បានកើនឡើងពី ១,៥៧០,០០០ខ្នងផ្ទះ ត្រូវជា ៤៩.៣៧% នៃចំនួនផ្ទះសរុបនៅកម្ពុជា នៅឆ្នាំ ២០១៥ មក ១,៩១០,០០០ខ្នងផ្ទះ ត្រូវជា ៥៨.២៣% នៃចំនួនផ្ទះសរុបនៅកម្ពុជា នៅឆ្នាំ ២០១៦ ។

➢ ចំពោះបញ្ហាថ្លៃអគ្គិសនី ឆ្នាំ ២០១៦ គឺជាឆ្នាំទី ១ ដែលអាជ្ញាធរអគ្គិសនីកម្ពុជាបានចាប់ផ្តើមបន្ថយថ្លៃអគ្គិសនីចំពោះតំបន់ផ្គត់ផ្គង់ពីបណ្តាញជាតិផ្ទាល់ តាមផែនការបន្ថយថ្លៃរបស់រាជរដ្ឋាភិបាល ។ វគ្គបន្ថយថ្លៃនៅឆ្នាំ ២០១៦ នេះ បានចាប់ផ្តើមអនុវត្តលើបរិមាណអគ្គិសនី​ដែលចេញវិក្កយបត្រនៅចុងខែ មីនា រួចចែកចាយវិក្កយបត្រនេះជូនអ្នកប្រើប្រាស់នៅដើមខែមេសា ឆ្នាំ ២០១៦ រហូតដល់ខួបវានៅឆ្នាំ ២០១៧ ។ ក្នុងចំណោម អ្នកប្រើប្រាស់ទូទាំងប្រទេស ២.១៦ លាននាក់ មានអ្នកប្រើប្រាស់ ១.៨៦ លាននាក់ ត្រូវជា ៨៦.១៥% ទទួលបានការផ្គត់ផ្គង់ពីបណ្តាញជាតិផ្ទាល់និងបានបន្ថយថ្លៃតាមផែនការបន្ថយថ្លៃរបស់រាជរដ្ឋាភិបាល នៅសល់អ្នកប្រើប្រាស់ចំនួន ២៤,១៧៧ នាក់ ត្រូវជា ១.១២% ដែលផ្គត់ផ្គង់ពីបណ្តាញជាតិដោយប្រយោល និងដោយបណ្តោះអាសន្ននោះ ទទួលបានការបន្ថយថ្លៃខ្លះជាបណ្តោះអាសន្នប៉ុណ្ណោះ មិនទាន់បានពេញលេញ ដូចតំបន់ផ្គត់ផ្គង់ពីបណ្តាញជាតិផ្ទាល់ទេ ។ ឆ្លងតាមការអនុវត្តជាក់ស្តែងនៅឆ្នាំទី ១ នៃការបន្ថយថ្លៃកន្លងមក យើងឃើញថាពិតមែន​តែមានការប្រឈមបន្តិចបន្តួចក្នុងការអនុវត្តជាក់ស្តែង ជាពិសេសការស្នើសុំ និងការផ្តល់ថវិកាឧបត្ថម្ក​ធន ព្រមទាំងការតវ៉ានៅតំបន់ខ្លះដែលមិនទាន់អាចបន្ថយថ្លៃឲ្យដល់កម្រិតតាមអត្រាផែនការ ប៉ុន្តែជារួម ការអនុវត្តការបន្ថយថ្លៃអគ្គិសនីតាមផែនការរបស់រាជរដ្ឋាភិបាលនៅឆ្នាំ ២០១៦ នេះ ទទួលជោគ​ជ័យយ៉ាងធំសម្បើមតាមការគ្រោងទុក គួរជាទីមោទនៈ ។

➢ នៅឆ្នាំ ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីផែនការរបស់រាជរដ្ឋាភិបាល ក្នុងការអនុគ្រោះថ្លៃ ១ ជាន់ទៀតឲ្យលំនៅដ្ឋានប្រជាពលរដ្ឋដែលប្រើមិនលើសពី ៥០ គីឡូវ៉ាត់ម៉ោង ក្នុង ១ ខែ នៅតំបន់ទាំង​ឡាយ​ក្រៅពីរាជធានីភ្នំ​ពេញ ដែលតាមស្ថិតិបច្ចុប្បន្នមានចំនួន ៧៥% នៃលំនៅដ្ឋានសរុបតាមតំបន់នីមួយៗ ។ ការអនុគ្រោះបន្ថែមនេះ គឺឲ្យបង់ថ្លៃត្រឹមតែ ៦១០ រៀលក្នុង ១ គីឡូវ៉ាត់ម៉ោង រួចការអនុគ្រោះបន្ថែមនេះត្រូវអនុវត្តចាប់ពីខែមេសា ឆ្នាំ ២០១៧ តទៅ ។ ផែនការនេះជាផែនការបន្ថែមពីលើផែនការអនុគ្រោះថ្លៃ ៤៨០ រៀល សម្រាប់លំនៅដ្ឋានប្រជាពលរដ្ឋដែលប្រើប្រាស់មិនលើសពី ១០ គីឡូវ៉ាត់ម៉ោងក្នុង១ខែ ដែលបានចាប់អនុវត្តពីឆ្នាំ២០១៦រួចហើយ ។ យោងតាមការប្រកាសនេះ ក្រ​សួង​រ៉ែ និងថាមពល បានចេញប្រកាសលេខ ៤២១ រថ.អវថ.ប្រក ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៦ កំណត់ផែនការបន្ថយថ្លៃអគ្គិសនីសម្រាប់អនុវត្តពី ឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ ឡើងវិញ ដែលមានបង្ហាញជូននៅក្នុងរបាយការណ៍ ៨ ទំព័រដែលបានចែកចាយជូនសមាជិក​សមាជិកាអង្គសន្និបាតរួចហើយ ។

ឯកឧត្តមរដ្ឋមន្ត្រីជាទីគោរព ឯកឧត្តម អស់លោក លោកស្រី អង្គសន្និបាតទាំងមូល

ខ្ញុំសូមជំរាបជូនឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម អស់លោក លោកស្រី និងអង្គសន្និបាតទាំងមូលថា ក្នុងឆ្នាំ ២០១៦ កន្លងមកនេះ ចំពោះការងារជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់អគ្គិសនីនានា បន្ថែមពីលើការចាត់តាំងឲ្យក្រុមការងារចុះផ្ទាល់តាមតំបន់ផ្គត់ផ្គង់អគ្គិសនីនានានៅទូទាំងប្រ​ទេស អាជ្ញាធរអគ្គិសនីកម្ពុជាក៏បានដាក់ឲ្យប្រើប្រាស់ទំព័របណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន ដោយ​ប្រើឈ្មោះទំព័រនេះជាភាសាខ្មែរគឺ“អាជ្ញាធរអគ្គិសនីកម្ពុជា” ដើម្បីអាចឲ្យអ្នកប្រើប្រាស់អគ្គិសនីនា​នានិងអ្នកពាក់ព័ន្ធដ៏ទៃទៀតធ្វើការប្រាស្រ័យទាក់​ទងផ្ទាល់ជាមួយមន្ត្រីអាជ្ញាធរអគ្គិសនីកម្ពុជា ។ តាមរយៈទំព័របណ្តាញទំនាក់ទំនងសង្គមនេះ ទាំងថ្នាក់ដឹកនាំអាជ្ញាធរអគ្គិសនី ទាំងមន្ត្រីនៅនាយកដ្ឋានជំនាញនានា របស់អាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើការទាក់ទងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទ គ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលសំណូមពរនានា ទទួល​ពត៌មានអំពីទុក្ខកង្វល់នានា ទទួលការតវ៉ាមិនសុខចិត្តនានា រួចធ្វើការបំភ្លឺ និងធ្វើការដោះស្រាយបញ្ហានានាដែលបានកើតឡើងជូនប្រជាពល​រដ្ឋ ។

បន្ថែមពីលើនោះ តាមរយៈកិច្ចសហការគ្នារវាងនាយកដ្ឋានគ្រប់គ្រងទិន្នន័យនិងពត៌មានរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ជា​មួយមជ្ឈ​មណ្ឌលពត៌មានរបស់អគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជាក៏បានចូលទៅបំភ្លឺនិងដោះស្រាយសឹងតែគ្រប់បញ្ហាទាំងអស់ ដែលបានលើកឡើងនៅក្នុងទំព័របណ្តាញសង្គមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលពាក់ព័ន្ធនឹងបញ្ហាផ្គត់ផ្គង់អគ្គិសនី ។ ឆ្លងតាមរយៈការប្រាស្រ័យទាក់ទងទូលាយជាមួយអ្នកប្រើប្រាស់អគ្គិសនីខាងលើ យើងឃើញថា នៅឆ្នាំ ២០១៦ នៅមានសល់បញ្ហាប្រឈមមួយចំនួន ដែលអង្គសន្និបាតយើងនៅថ្ងៃនេះត្រូវធ្វើការពិនិត្យ និងពិភាក្សា ដើម្បីរកវិធីកែលំអសម្រាប់ការអនុវត្តនៅឆ្នាំ ២០១៧ ខាងមុខបន្តទៀត ។ ដូច្នេះដើម្បីជាមូលដ្ឋាននៅក្នុងការពិភាក្សាបន្តទៀតខ្ញុំសូមធ្វើរបាយការណ៍ជូនអង្គសន្និបាតយើង អំពីបញ្ហាប្រឈមសំខាន់ៗមួយ​ចំនួន ដែលយើងបានជួបប្រទះនៅក្នុងឆ្នាំ ២០១៦ កន្លងមកនេះ ដូចខាងក្រោម៖

១-ការរអាក់រអួលដាច់ចរន្តអគ្គិសនីញឹកញាប់ និងការធ្លាក់គុណភាពនៃអគ្គិសនី នៅឆ្នាំ ២០១៦ កន្លងមកនេះ ទោះជាអនុភាពប្រភពអគ្គិសនីមានគ្រប់គ្រាន់ និងទោះជាបណ្តាញជាតិបានពង្រីកទៅដល់ហើយក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ខ្លះបានជួបប្រទះការរអាក់​រអួលដាច់ចរន្តអគ្គិសនីញឹកញាប់ និងការធ្លាក់គុណភាពនៃអគ្គិសនីនៅឡើយ រួចបញ្ហានេះក្លាយទៅជាការរំខានមួយដល់អ្នកប្រើប្រាស់អគ្គិសនី ដែលប្រែក្លាយទឹកចិត្តអ្នកប្រើទាំងនោះពីការសប្បាយចិត្តដោយបានអគ្គិសនីប្រើប្រាស់ មកជាការខឹងសម្បារដោយការរំខានទាំងនេះទៅវិញ ។ ពិតមែនហើយថា ការរៀបចំឲ្យមានការផ្គត់ផ្គង់អគ្គិសនីមួយមានស្ថិរភាពល្អមិនដាច់សោះ និងមានគុណភាពតាមស្តង់ដារត្រឹមត្រូវ នៅតំបន់ផ្គត់ផ្គង់នីមួយៗ គឺត្រូវធ្វើការអភិវឌ្ឍន៍បណ្តាញបញ្ជូនរងបញ្ជូនប្រភពអគ្គិសនីទៅឲ្យតំបន់នោះឲ្យបានច្រើនខ្សែពេលរអាក់រអួលអាចជួយបំពេញប្រភពឲ្យគ្នាទៅវិញទៅមក និងកុំឲ្យមានចម្ងាយឆ្ងាយពេកបាត់គុណភាពអគ្គិសនីនិងបាត់លំនឹង ព្រមទាំងត្រូវកាប់សំអាតមែកឈើ កុំឲ្យលូតមកជិតខ្សែបណ្តាញបញ្ជូនរងទាំងនោះ ។ បច្ចុប្បន្ននៅតំបន់ខ្លះ យើងពុំទាន់មានថវិកាអភិវឌ្ឍន៍អនុស្ថានីយឲ្យខិតទៅជិតតំបន់​ផ្គត់ផ្គង់នៅឡើយ យើងទើបនឹងមានថវិកាអភិវឌ្ឍបណ្តាញបញ្ជូនរងបានតែមួយខ្សែ រួចខ្សែនេះមានចម្ងាយឆ្ងាយលើសពីស្តង់ដារកំណត់ និងមានដើមឈើសងខាងផ្លូវច្រើនទៀត ទើបធ្វើឲ្យមានការដាច់ចរន្តអគ្គិសនីញឹកញាប់ និងធ្វើឲ្យធ្លាក់គុណភាពនៃអគ្គិសនី ។ សម្រាប់កម្ពុជា ការអភិវឌ្ឍអនុស្ថានីយឲ្យនៅជិតតំបន់ផ្គត់ផ្គង់នីមួយៗ និងការអភិវឌ្ឍន៍បណ្តាញបញ្ជូនរងឲ្យច្រើនខ្សែទៅកាន់តំបន់នីមួយៗ ឲ្យបានទូទាំងប្រទេស ត្រូវការលទ្ធភាពថវិកានិងពេលវេលាបន្ថែមទៀត ។

នៅឆ្នាំ ២០១៦ កន្លងមកនេះ តំបន់ដែលប្រឈមនឹងបញ្ហារអាក់​រអួល​ដាច់ចរន្តនិងធ្លាក់គុណភាពអគ្គិសនី ដែលប្រែក្លាយទឹកចិត្តប្រជាពលរដ្ឋពីការសប្បាយ​ចិត្តដោយបានអគ្គិសនី​ប្រើប្រាស់ មកជាការខឹងសម្បារវិញនោះ មាន៖

1. តំបន់ដែលយកប្រភពអគ្គិសនីពីប្រទេសជិតខាង ក្នុងនោះមាន ស្រុកទាំងអស់នៅខេត្តស្វាយរៀង, ស្រុកមេសាង ស្រុកបាភ្នំ ស្រុកពាមរ ស្រុកព្រះស្តេច ស្រុកកំពង់ត្របែក នៅខេត្តព្រៃវែង, ស្រុកត្រពាំងប្រាសាទ នៅខេត្តឧត្តរមានជ័យ, ស្រុកឆែប ស្រុកជាំក្សាន្ត និងក្រុងព្រះវិហារ នៅខេត្តព្រះវិហារ

2. តំបន់ដែលយកប្រភពអគ្គិសនីពីបណ្តាញជាតិដោយចម្ងាយឆ្ងាយ និងដោយប្រយោល ដូចជាស្រុកលើកដែក តំបន់អ្នកលឿងត្រើយខាងលិច ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម នៅខេត្តកណ្តាល, ស្រុកពារាំង ស្រុកស៊ីធរកណ្តាល ស្រុកស្វាយអន្ទរ ស្រុកកំចាយមារ នៅខេត្តព្រៃវែង, ស្រុកក្រូច​ឆ្មារ ស្រុកតំបែរ ស្រុកមេមត់ ស្រុកពញាក្រែក នៅខេត្តត្បូងឃ្មុំ, ក្រុងក្រចេះ និងស្រុកឆ្លូង ខេត្តក្រចេះ, ស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកប្រាសាទបាល្ល័ង្គ ក្រុងកំពង់ធំ នៅខេត្តកំពង់ធំ ។ ថ្ងៃនេះយើងបានអញ្ជើញអ្នកជំនាញរបស់អគ្គិសនីកម្ពុជា ដើម្បីធ្វើបទបង្ហាញជូនអង្គសន្និបាត អំពីគម្រោងអភិវឌ្ឍន៍របស់អគ្គិសនីកម្ពុជា ដើម្បីកែលំអសភាពការណ៍រអាក់រអួលនិងធ្លាក់គុណភាពនៅតំបន់ខាងលើនេះ ដូច្នេះ សូមអង្គសន្និបាត និងអ្នកពាក់ព័ន្ធ ធ្វើការពិនិត្យបញ្ហាតាមតំបន់នីមួយៗ សួរនាំ និងផ្លាស់ប្តូរយោបល់ជាមួយអ្នកជំនាញរបស់អគ្គិសនីកម្ពុជា រកវិធានការណ៍កែលំអ ដើម្បីឲ្យប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនី​អាចទទួលយកបាន និងស្ងប់ចិត្ត លែងខឹងសម្បារបន្តទៀត ។

២-ការទាមទាររបស់ប្រជាពលរដ្ឋសុំឲ្យមានអគ្គិសនីប្រើប្រាស់ ពិតមែនតែនៅឆ្នាំ ២០១៦ នេះ យើងបានជំរុញការពង្រីកបណ្តាញចែកចាយ រហូតដល់អាចគ្របដណ្តប់លើភូមិបានចំនួន ៧៤.៧៤% នៃចំនួនភូមិសរុបក៏ពិតមែន ប៉ុន្តែនៅសល់ភូមិមួយចំនួនទៀត ពុំទាន់មានបណ្តាញផ្គត់ផ្គង់នៅឡើយ ។ ដូច្នេះហើយនៅតាមខេត្តនីមួយៗ មានភូមិដែលមានបណ្តាញចែកចាយរួច មានភូមិដែលគេកំពុងតែរៀបចំធ្វើការវិនិយោគទៅកាន់ទីនោះ និងមានភូមិដែលពុំទាន់ដាក់ផែន​ការវិនិយោគនៅឡើយ ។ បច្ចុប្បន្នមានការទាមទាររបស់ប្រជាពលរដ្ឋចំនួន ២ ប្រភេទ បានកើតឡើងនៅតំបន់ដែលពុំទាន់មានអគ្គិសនីប្រើប្រាស់ ទី១.ប្រជាពលរដ្ឋនៅភូមិឆ្ងាយៗដែលពុំទាន់មានអគ្គិសនី បានស្នើសុំឲ្យរាជរដ្ឋាភិបាលធ្វើយ៉ាងណាឲ្យភូមិគេមានអគ្គិសនីប្រើប្រាស់ផង ទោះជាវិនិយោគរបស់រដ្ឋឬឯកជនក៏ដោយ និងទី២.ប្រជាពលរដ្ឋនៅភូមិជិតតំបន់ផ្គត់ផ្គង់អគ្គិសនី រួចដែលគេកំពុងរៀបចំវិនិយោគទៅ ប៉ុន្តែគ្រាន់តែត្រូវរង់ចាំ កំពុងតែស្រួចស្រាវតវ៉ា ប្រៀបធៀប និងសុំឲ្យមានការផ្គត់ផ្គង់ឆាប់រហ័ស រហូតអ្នកខ្លះមានការថ្នាំងថ្នាក់ដល់អាជ្ញាធរមូលដ្ឋាន និងដល់ស្ថាប័នទទួលខុសត្រូវទៀតផង ។ ចំពោះការតវ៉ាសុំឲ្យមានការផ្គត់ផ្គង់អគ្គិសនីនៅតំបន់នានាដែលពុំទាន់​មានការផ្គត់ផ្គង់អគ្គិសនី ខ្ញុំស្នើសុំឲ្យនាយកដ្ឋានជំនាញអាជ្ញាធរ​អគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា និងអ្នកកាន់អាជ្ញាបណ្ណផ្គត់ផ្គង់អគ្គិសនី ធ្វើការពិភាក្សាជាមួយគ្នា ដើម្បីកំណត់ផែនការ និងពេលវេលាឲ្យច្បាស់​លាស់ រួចរួមគ្នាផ្សព្វផ្សាយជូនប្រជាពល​រដ្ឋឲ្យបានដឹង ដើម្បីឲ្យគាត់មានការស្ងប់ចិត្ត លែងអន់ចិត្ត និងរង់ចាំតាមពេលវេលានៃផែនកាអភិវឌ្ឍ ។​

៣-បញ្ហាប្រជាពលរដ្ឋមានមន្ទិលសង្ស័យលើចំនួនប្រើប្រាស់ និងលើនាឡិកាស្ទង់ កន្លងមក យើងបានសង្កេតឃើញមានការបំផុសតគ្នាថា គីឡូវ៉ាត់ម៉ោងរបស់អ្នកប្រើត្រូវគេបង្កើនចំនួន ឬនាឡិកាវាស់ដើរលឿនកិបកេងគីឡូដែលគេប្រើ ធ្វើឲ្យថ្លៃដែលគេបង់ឡើងមួយជា ២ ឬឡើងមួយជា ៣ ជាដើម ។ ខ្ញុំបាទសូមជំរាបជូនអង្គសន្និបាតយើងថា ក្នុងនាមជាស្ថាប័នអាជ្ញាកណ្តាល យើងខ្ញុំពិតជាមិនអាចដោះស្រាយបញ្ហានេះទៅតាមសតិអារម្មណ៍របស់អ្នកប្រើប្រាស់ឡើយ ទោះជាសតិអារម្មណ៍នេះមានគ្រប់គ្នាក៏ដោយ ការដោះស្រាយបញ្ហានេះ គឺត្រូវតែអនុវត្តតាមនីតិវិធីរកការពិត តាមលក្ខណៈវិទ្យាសាស្ត្រ ដែលខ្ញុំបាទសូមជំរាបជូនអំពីនីតិវិធីនេះ ដូចខាងក្រោម៖

1. អគ្គិសនីដែលអ្នកផ្គត់ផ្គង់ផ្តល់ឲ្យអ្នកប្រើនីមួយៗ តម្រូវឲ្យរត់កាត់នាឡិកាឬជញ្ជីងអគ្គិសនីរបស់អ្នកប្រើនោះ ដើម្បីធានាថាចំនួនអគ្គិសនីដែលអ្នកផ្គត់ផ្គង់ផ្តល់ទៅឲ្យអ្នកប្រើត្រូវបានវាស់វែងនិងកត់ត្រាដោយជញ្ជីងត្រឹមត្រូវ ។ ដូច្នេះចង់ដឹងថា តើចំនួនគីឡូដែលអ្នកផ្គត់ផ្គង់គិតប្រាក់ពីអ្នកប្រើត្រឹមត្រូវទេនោះមានចំណុច៣ដែលត្រូវពិនិត្យ ទី១.ត្រូវពិនិត្យថាតើអគ្គិសនីដែលផ្តល់ ពិតជាបានរត់កាត់នាឡិកាវាស់ឬជញ្ជីងទេ ទី២.បើវារត់កាត់ហើយគេត្រូវពិនិត្យថាតើនាឡិកាឬជញ្ជីងនោះវាស់និងកត់ត្រាត្រឹមត្រូវទេ និងទី៣.បើវាវាស់ត្រឹមត្រូវហើយ តើការកត់លេខពីនាឡិកាមកគិតប្រាក់ត្រឹមត្រូវទេ ។

2. ដើម្បីពិនិត្យថានាឡិកាវាស់និងកត់ត្រាត្រឹមត្រូវទេ តំបូងបំផុតគេពិនិត្យថាតើនាឡិកានេះមានគេប៉ះពាល់វាទេដោយពិនិត្យខ្សែប្លុមបេគម្របនាឡិកាពីរោងចក្រផលិត តើមានរបើកឬដាច់ទេ បើគ្មានរបើកឬដាច់ទេគេចាត់ទុកថាគ្មានអ្នកប៉ះពាល់នាឡិកានេះទេ បន្ទាប់មកគេផ្ទៀងផ្ទាត់ដំណើរការវាស់និងកត់ត្រារបស់វាជាមួយឧបករណ៍ផ្ទៀងផ្ទាត់ ថាតើវាដំណើរការវាស់វែងនិងកត់ត្រាត្រឹមត្រូវទេ។

3. ដើម្បីពិនិត្យថាតើការកត់លេខពីនាឡិកានោះមកធ្វើវិក្កយបត្រត្រឹមត្រូវទេ គេត្រូវពិនិត្យលេខក្នុងវិក្កយ​បត្រ ជាមួយលេខក្នុងនាឡិកា តើលេខទាំង ២ នេះ វាសមស្របជាមួយគ្នាទេ ។

4. ប្រសិនបើពិនិត្យទៅឃើញថាចំណុចទាំង ៣ ខាងលើត្រឹមត្រូវ គេអាចសន្និដ្ឋានថា ចំនួនអគ្គិសនីនោះពិតជាបានផ្តល់ទៅឲ្យអ្នកប្រើពិតប្រាកដហើយ ហើយបើមានការកើនឡើងណាមួយនោះវាពាក់ព័ន្ធតែជាមួយអ្នកប្រើផ្ទាល់មិនទាក់ទងនឹងការផ្តល់ទេ ប៉ុន្តែបើមានចំណុចណាមួយខាងលើមិនត្រឹមត្រូវ ទើបគេថាចំនួនអគ្គិសនីនោះអាចមានភាពមិនប្រក្រតី ដែលត្រូវធ្វើការពិនិត្យនិងដោះស្រាយបន្ត ។ ក្នុងនាមជាអាជ្ញាកណ្តាល អាជ្ញាធរអគ្គិសនីកម្ពុជាសុខចិត្តផ្តល់សេវារកការពិតតាមនីតិវិធីត្រឹមត្រូវខាងលើដោយមិនយកកម្រៃ ជូនគ្រប់ប្រ​ជាពល​រដ្ឋដែលមានការសង្ស័យ ទោះជានៅឃុំ ស្រុក ខេត្តណាក៏ដោយ ឲ្យតែអ្នកនោះបានស្នើសុំដោយបញ្ជាក់អត្តសញ្ញាណ និងទីតាំងប្រើអគ្គិសនីច្បាស់លាស់ ដែលអាជ្ញាធរអគ្គិសនីកម្ពុជាអាចរកឃើញ និងអាចដោះនាឡិកាអគ្គិសនីរបស់អ្នកនោះមកត្រួតពិនិត្យបាន ។ ក្នុងនោះ អ្នកដែលមានការសង្ស័យអាចស្នើសុំតាមរយៈឃុំ/សង្កាត់ដែលខ្លួនរស់នៅ ឬអាចស្នើសុំដោយផ្ទាល់តាមរយៈប្រអប់សារនៅក្នុងទំព័រប្រព័ន្ធបណ្តាញសង្គម Facebook ផ្លូវការឈ្មោះ“អាជ្ញាធរអគ្គិសនី​កម្ពុជា” និងអាចស្នើសុំតាមរយៈអ៊ីម៉ែល admin@eac.gov.kh ឲ្យតែអ្នកនោះបញ្ជាក់អំពីអត្តសញ្ញាណនិងទីតាំងប្រើអគ្គិសនីច្បាស់លាស់ ដែលអាចរកនាឡិកាអគ្គិសនីរបស់អ្នកនោះឃើញបាន ។

ខ្ញុំបាទសូមជំរាបជូនឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម អស់លោក លោកស្រី និងអង្គសន្និបាតទាំងមូលថា ទោះជាអនុវត្តតាមនីតិវិធីត្រឹមត្រូវខាងលើក៏ដោយ ដោយសារមានការបំផុសបំផុលពីជនមួយចំនួនប្រជាពលរដ្ឋមួយចំនួនតូច នៅតែមិនជឿលើលទ្ធផលរកការពិតដោយអាជ្ញាធរអគ្គិសនីកម្ពុជា ។ ដូច្នេះដើម្បីផ្តល់ជាជំរើសចុងក្រោយដល់អ្នកទាំងនោះ អាជ្ញាធរអគ្គិសនីកម្ពុជាបានអនុញ្ញាតឲ្យអ្នកទាំងនោះអាចរកទិញនាឡិកាអគ្គិសនីណាដែលខ្លួនទុកចិត្តថាត្រឹមត្រូវ រួចយកមកដាក់វាស់ទន្ទឹមគ្នាជាមួយនាឡិការបស់អ្នកផ្គត់ផ្គង់ ឲ្យតែនាឡិកាដែលអ្នកប្រើប្រាស់ទិញមកនោះជានាឡិកាដែលមានការទទួលស្គាល់ត្រឹមត្រូវ និងដែលអាជ្ញាធរអគ្គិសនីកម្ពុជាបានផ្ទៀងផ្ទាត់ថាមានដំណើរការត្រឹមត្រូវដូចនាឡិការបស់អ្នកផ្គត់ផ្គង់ដែរ ។ តាមវិធីចុងក្រោយនេះ យើងអាចបិទបញ្ចប់ការសង្ស័យរបស់អ្នកទាំងនោះបានទាំងស្រុង ។

នៅក្នុងការផ្ទៀងផ្ទាត់លើការតវ៉ារបស់អ្នកប្រើប្រាស់អគ្គិសនីមួយចំនួន ដែលថាចំនួនគីឡូវ៉ាត់ម៉ោងរបស់គេ ឡើងមួយជា ២ ឬឡើងមួយជា ៣ ជាដើម នោះ កន្លងមក អាជ្ញាធរអគ្គិសនីកម្ពុជាបានកំណត់ឲ្យអ្នកផ្គត់ផ្គង់អគ្គិសនីទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដាក់ក្នុងវិក្កយបត្រអគ្គិសនីរបស់ខ្លួននូវប្រវត្តិនៃការប្រើប្រាស់ ១២ ខែកន្លងមករបស់អ្នកប្រើប្រាស់ ។ តាមរយៈវិធីនេះ យើងបានសង្កេតឃើញថាក្នុងចំណោមអ្នកធ្វើការតវ៉ាទាំងអស់ មានអ្នកធ្វើការតវ៉ាជាង ៩០% គឺធ្វើការតវ៉ាតាមគ្នាប៉ុណ្ណោះ ពីព្រោះបន្ទាប់ពីការតវ៉ា ពេលយើងពិនិត្យប្រវត្តិនៃការប្រើប្រាស់ ១២ ខែកន្លងមករបស់អ្នកទាំងនោះ ឃើញមានមានលក្ខណៈធម្មតា មិនបានឡើងមួយជា ២ ឬឡើងមួយជា ៣ ដូចការតវ៉ាទេ ។

នៅក្នុងឆ្នាំ ២០១៦ នេះ អាជ្ញាធរអគ្គិសនីកម្ពុជាបានជួលក្រុមហ៊ុន IT ឲ្យគេរៀបចំកម្មវិធីមួយដែលអ្នកប្រើប្រាស់នីមួយៗនៅទូទាំងកម្ពុជា អាចប្រើទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនឆែកមើលប្រវត្តិនៃការប្រើប្រាស់របស់គេ ក្នុងរយៈពេល ៣៦ ខែ ​កន្លងមក ។ កម្មវិធីនេះមានអ្នកផ្គត់ផ្គង់អគ្គិសនីជិត ២០០ តំបន់ទូទាំងប្រទេសបានចូលរួមរួចហើយ ដូច្នេះក្នុងសន្និបាតនេះ ខ្ញុំសូមអំពាវនាវដល់អ្នកផ្គត់ផ្គង់អគ្គិសនីដែលនៅសល់មិនទាន់ចូលរួមក្នុងកម្មវិធីនេះ សូមប្រញាប់ប្រញាល់ទំនាក់ទំនងចូលរួមក្នុងកម្មវិធីនេះ ដើម្បីជម្រះសតិអារម្មណ៍របស់អ្នកប្រើប្រាស់ក្នុងតំបន់របស់ខ្លួនឲ្យលែងសង្ស័យលើការគិតគីឡូវ៉ាងម៉ោងរបស់ខ្លួន ។

ក្នុងនាមអាជ្ញាធរអគ្គិសនីកម្ពុជា ខ្ញុំសូមជំរាបជូនជាមុនថា អ្នកផ្គត់ផ្គង់អគ្គិសនីណាដែលមិនចូលរួមក្នុងកម្មវិធីនេះ ត្រូវបានចាត់ទុកថា មិនមានតម្លាភាព និងមិនបានដោះស្រាយបញ្ហាជូនអ្នកប្រើប្រាស់ រួចអាជ្ញាធរអគ្គិសនីកម្ពុជានឹងត្រៀមចាត់វិធានការណ៍លើអ្នកផ្គត់ផ្គង់ទាំងនោះ ។

៤-ការទាមទារឲ្យបន្ថយថ្លៃអគ្គិសនីស្មើនឹងអត្រាថ្លៃបណ្តាញជាតិនៅតំបន់ដែលយកអគ្គិសនីពីបណ្តាញជាតិដោយប្រយោល នៅឆ្នាំ ២០១៦ អាជ្ញាធរអគ្គិសនីកម្ពុជាបានចាប់ផ្តើមបន្ថយថ្លៃអគ្គិសនីនៅតាមតំបន់នានាដែលយកប្រភពអគ្គិសនីពីបណ្តាញជាតិ តាមផែនការបន្ថយថ្លៃរបស់រាជរដ្ឋាភិបាល ។

នៅកម្ពុជា ការបន្ថយថ្លៃនៅតំបន់នានាដែលយកប្រភពអគ្គិសនីពីបណ្តាញជាតិនោះ គឺបានមកពីមូលដ្ឋាន២៖ ទី១ នៅពេលភ្ជាប់ជាមួយប្រភពបណ្តាញជាតិ ពិតមែនតែថ្លៃអគ្គិសនីមិនអាចចុះស្មើនឹងអត្រាថ្លៃដែលរដ្ឋកំណត់ ប៉ុន្តែថ្លៃដើមប្រភពអគ្គិសនីបានធ្លាក់ចុះខ្លះសម្រួលដល់ការបន្ថយថ្លៃ និងទី២ ការប៉ះប៉ូវថវិកាពីមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទរបស់អគ្គិសនីកម្ពុជា ដើម្បីបន្ថយអត្រាថ្លៃឲ្យចុះដល់អត្រាថ្លៃដែលរដ្ឋកំណត់ ។ ដូច្នេះ ការបន្ថយថ្លៃអគ្គិសនីគឺត្រូវពឹងផ្អែកមួយចំណែកធំទៅលើកញ្ចប់ថវិកាដែលអាជីវកម្មអគ្គិសនីកម្ពុជា ផ្តល់ឲ្យមូលនីធិអគ្គិសនីភាវូបនីយកម្មជនបទរបស់អគ្គិសនីកម្ពុជាមួយឆ្នាំម្តងៗ តាមការកំណត់ របស់អគ្គិសនីកម្ពុជាម្ពុជា ។ តាមការគណនាជាក់ស្តែង ​ថ្លៃអគ្គិសនីពិតនៃតំបន់ដែលយកប្រភពអគ្គិសនីពីបណ្តាញជាតិសឹងតែទាំងអស់ក្រៅពីអគ្គិសនីកម្ពុជា មានថ្លៃខ្ពស់ជាងអត្រាថ្លៃដែលផែនការរាជរដ្ឋាភិបាលបានកំណត់ឲ្យបន្ថយ ដូច្នេះហើយទើបការបន្ថយថ្លៃនៅតំបន់ណាមួយបន្ថែម វាពាក់ព័ន្ធមួយចំណែកនឹងលទ្ធភាពកញ្ចប់ថវិកា​សម្រាប់ការឧបត្ថម្ភធនប្រចាំឆ្នាំរបស់មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ ។

នៅក្នុងការអនុវត្ត​ការបន្ថយថ្លៃក្នុងឆ្នាំ ២០១៦ មានតំបន់មួយចំនួនដែលយកប្រភពអគ្គិសនីពីបណ្តាញជាតិដោយប្រយោល​ ដូចជា ស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ, ស្រុកក្រូចឆ្មារ​ ស្រុកតំបែរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ស្រុកមេសាង ស្រុកបាភ្នំ ស្រុកពាមរ ស្រុកព្រះស្តេច ស្រុកកំពង់ត្រ​បែក ខេត្តព្រៃវែង, ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ខេត្តប៉ៃលិន ប្រជា​ពលរដ្ឋបានទាមទារឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាបញ្ចុះថ្លៃ ឲ្យដូចអត្រាថ្លៃដែលរាជរដ្ឋាភិបាលបានកំណត់នៅតំបន់យកប្រភពអគ្គិសនីពីបណ្តាញជាតិផ្ទាល់ ។ ចំពោះបញ្ហានេះ ថ្ងៃនេះខ្ញុំស្នើសុំឲ្យនាយកដ្ឋានទទួលបន្ទុកខាងតម្លៃ ធ្វើការផ្សព្វផ្សាយឲ្យបានច្បាស់លាស់អំពីផែនការបន្ថយថ្លៃនៅតាមបណ្តាតំបន់នីមួយៗ ទូទាំងកម្ពុជា ដែលយើងបានអនុម័តរួមគ្នារួចហើយ និងអ្វីដែលជាលទ្ធភាពដែលយើងអាចអនុវត្តបន្ថែមនៅក្នុងឆ្នាំ ២០១៧ ជូនអង្គសន្និបាត និងអ្នកពាក់ព័ន្ធ ។

ខ្ញុំក៏សូមអំពាវនាវដល់អ្នកផ្គត់ផ្គង់អគ្គិសនីទាំងអស់ មន្ទីររ៉ែ និងថាមពល គ្រប់រាជធានី ខេត្ត ជួយបំភ្លឺនិងផ្សព្វផ្សាយអំពីផែនការនិងលទ្ធភាព នៃការបន្ថយថ្លៃនេះផង ជៀសវាងការយល់ច្រឡំថាឲ្យតែអាជ្ញាធរអគ្គិសនីកម្ពុជាឯកភាពគឺអាចបន្ថយបាន រួចនាំគ្នា​ឆ្លើយដាក់ឬសុំអន្តរាគមន៍ ឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាធ្វើការបន្ថយថ្លៃនៅតំបន់នេះឬតំបន់នោះ ខុសពីផែនការ និងខុសពីការគណនា។

៥-បញ្ហាការផ្តល់សេវានិងការដោះស្រាយរបស់អ្នកផ្គត់ផ្គង់អគ្គិសនី ​ខ្ញុំសូមជំរាបជូនឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម អស់លោក លោកស្រី និងអង្គសន្និបាតទាំងមូលថាលក្ខខណ្ឌអាជ្ញាបណ្ណដែលបានផ្តល់ជូនអ្នកផ្គត់ផ្គង់អគ្គិសនី បានតម្រូវឲ្យអ្នកផ្គត់ផ្គង់អគ្គិសនី ត្រូវ​អនុវត្តថ្លៃលក់អគ្គិសនី ត្រូវយកថ្លៃភ្ជាប់ចរន្តនិងប្រាក់កក់ តាមការកំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជា និងត្រូវផ្តល់​​នូវសេវាអគ្គិសនីមួយឲ្យអ្នកប្រើប្រាស់ប្រកបដោយគុណភាព និងសុវត្ថិភាព ស្របតាមស្តង់ដាបច្ចេក​ទេស​ដែលចេញដោយក្រសួងរ៉ែ និងថាមពល ។ តាមបទប្បញ្ញត្តិស្តីពី“លក្ខខណ្ឌទូទៅក្នុងការផ្គត់ផ្គង់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា”បានចែងថា អ្នកប្រើប្រាស់អគ្គិសនីដែលពិនិត្យឃើញ​ថាការផ្តល់សេវារបស់អ្នកផ្គត់ផ្គង់ខុសពីអ្វីដែលបានកំណត់ អ្នកប្រើប្រាស់នោះមានសិទ្ធិធ្វើពាក្យតវ៉ាទៅអ្នកផ្គត់ផ្គង់ រួចអ្នកផ្គត់ផ្គង់ត្រូវតែព្យាយាមដោះស្រាយបញ្ហានោះឲ្យអ្នកប្រើប្រាស់ នៅក្នុងរយៈពេលមួយដែលកំណត់ក្នុងបទប្បញ្ញត្តិ ។

ខ្ញុំក៏សូមជំរាបជូនសន្និបាតយើងទាំងមូលផងដែរថា បន្ទាប់ពីការចុះអនុស្សារណៈយោគយល់គ្នា មន្ទីររ៉ែ និងថាមពលរបស់ក្រសួងរ៉ែ និងថាមពល បានក្លាយទៅជាតំណាងរបស់អាជ្ញាធរអគ្គិសនីកម្ពុជានៅនឹងមូលដ្ឋានខេត្តក្រុងនីមួយៗ ដើម្បីចូលរួមត្រួតពិនិត្យអំពីការអនុវត្តបញ្ហាខាងលើរបស់អ្នកកាន់អាជ្ញាបណ្ណ ។ ដូច្នេះខ្ញុំសូមបញ្ជាក់ឡើងវិញចំពោះអ្នកផ្គត់ផ្គង់អគ្គិសនីទាំងអស់ថា ការចុះត្រួតពិនិត្យរបស់មន្ទីររ៉ែ និងថាមពល គឺត្រូវបានចាត់ទុកជាការចុះត្រួតពិនិត្យផ្លូវការរបស់អាជ្ញាធរអគ្គិសនីកម្ពុជា រួចខ្ញុំក៏ស្នើសុំដល់មន្ទីររ៉ែ និងថាមពលដែរថា ក្រោយពីការចុះត្រួតពិនិត្យត្រូវរាយការណ៍មកយើងខ្ញុំ ទើបយើងខ្ញុំអាចចាត់ការបន្តបាន ឬអាចកត់ត្រាកំហុសរបស់អ្នកផ្គត់ផ្គង់នោះក្នុងបញ្ជីបាន ប្រ​សិនបើមិនបានរាយការណ៍មកយើងខ្ញុំទេ យើងខ្ញុំពិតជាមិនអាចចាត់ការឲ្យអ្នកផ្គត់ផ្គង់កែតម្រូវបានទេ ។

តាមការពិនិត្យនៅក្នុងឆ្នាំ ២០១៦ កន្លងមកនេះ ការអនុវត្តថ្លៃលក់អគ្គិសនី ការយកថ្លៃភ្ជាប់ចរន្តនិងប្រាក់កក់ គុណភាពនៃការផ្តល់សេវាអគ្គិសនីរបស់អ្នកកាន់អាជ្ញាបណ្ណយើង និងការដោះស្រាយបញ្ហាជូនអ្នកប្រើប្រាស់នៅពេលមានការតវ៉ាម្តងៗ ពិតមែនតែមានការកែសម្រួលបានច្រើនហើយក៏ដោយ ប៉ុន្តែក៏នៅមានភាពខ្វះខាត និងនៅមានការប្រឈមជាមួយប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួននៅឡើយ ។ ដូច្នេះ ខ្ញុំសូមឲ្យនាយកដ្ឋានជំនាញរបស់អាជ្ញាធរ​អគ្គិសនីកម្ពុជា មន្ទីររ៉ែ និងថាមពលគ្រប់ខេត្តក្រុង អ្នកកាន់អាជ្ញាបណ្ណ និងតំណាងអ្នកប្រើប្រាស់អគ្គិសនី ធ្វើការពិភាក្សាគ្នាអំពីបញ្ហាទាំងនេះ ដើម្បីលើកទិសដៅសម្រាប់អនុវត្ត នៅឆ្នាំ ២០១៧ ។

ឯកឧត្តមរដ្ឋមន្រ្តីជាទីគោរព ឯកឧត្តមអស់លោក លោកស្រី អង្គសន្និបាតទាំងមូល ​

តាងនាមឲ្យថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរអគ្គិសនីកម្ពុជា និងខ្លួនខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមថ្លែង​អំណរគុណ​ជា​ថ្មី​ម្តងទៀតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី ក្នុងសន្និបាតបូកសរុបការងារត្រួតពិនិត្យ និងគ្រប់គ្រងលើការធ្វើសេវាកម្មអគ្គិសនី​នៃ​ព្រះ​រាជាណាចក្រកម្ពុជានៅថ្ងៃនេះ ។ ខ្ញុំបាទសូមគោរពជូនពរឯកឧត្តមរដ្ឋមន្រ្តីឲ្យមានសុខភាពល្អ កំលាំង​ពលំ​មាំ​មួន មានប្រាជ្ញាឈ្លាសវៃ និងទទួលបានជ័យជំនះលើគ្រប់ភារកិច្ច ។

ជាមួយគ្នានេះដែរ ខ្ញុំក៏សូម​ថ្លែង​អំណរគុណ​ចំពោះ​​វត្តមានរបស់ឯកឧត្តម អស់លោក លោកស្រី តំណាងគ្រប់ស្ថាប័នពាក់ព័ន្ធ និងអ្នកកាន់អាជ្ញាបណ្ធ្វើធ្វើសេវាកម្ម​អគ្គិសនីទាំងអស់ ដែលបាន​ចូលរួមសន្និបាតនៅថ្ងៃនេះ និងសូម​ជូនពរសូមឲ្យបានជួបប្រទះនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។