ប្រជុំផ្សព្វផ្សាយបញ្ចុះថ្លៃលក់អគ្គិសនីនៅលើកោះសំរោង

kohSomrong

អាជ្ញាធរអគ្គិសនីកម្ពុជាបានរៀបចំប្រជុំផ្សព្វផ្សាយបញ្ចុះថ្លៃលក់អគ្គិសនីនៅលើកោះសំរោង​ បន្ទាប់ពីបានទទួលប្រភពអគ្គិសនីពីបណ្តាញជាតិ​ តាមរយ:ខ្សែបញ្ជូនរង​ ២២​ kV​ របស់អគ្គិសនីកម្ពុជា កប់ក្រោមបាតទន្លេ បញ្ជូនទៅជំនួសឲ្យការផលិតដោយម៉ាសីុនដ្យេសែល​ ទើបសាងសង់រួចដាក់ឲ្យដំណើរការ​ ។​ ពិធីប្រកាសបានធ្វើនៅក្នុងវត្តឥន្ទកោសី​ ឃុំកោះសំរោង​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាព​ ឯកឧ​ត្តម​ អ្នកឧកញ៉ា​ សៀង​ ណាំ​ និងលោក តេង សុខុមាល តំណាងអាជ្ញាធរអគ្គិសនីកម្ពុជា​ មានការចូលរួមរបស់អាជ្ញាធរដែនដី​ និងប្រជាជនជាង១៤០០នាក់ ។​ ឯកឧ​ត្តម​ អ្នកឧកញ៉ា សៀង​ ណាំ​ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា​ ក្រសួងរ៉ែ និងថាមពល​ អាជ្ញាធរអគ្គិសនីកម្ពុជា​ និងអគ្គីសនីកម្ពុជា​ បានយកចិត្តទុកដាក់​វិនិយោគសាងសង់ខ្សែបញ្ជូនអគ្គិសនីកប់ក្រោមបាតទន្លេ​ រួចបានបញ្ចុះថ្លៃលក់ពី​ ២,៥០០៛/kWh ប្រើបានតែ១២ម៉ោង/ថ្ងៃ​ មក​ថ្លៃត្រឹមតែ ៨០០៛/kWh និង​ ៤៨០៛​/kWh សម្រាប់ការប្រើក្រោម១០kWh/ខែ​ ប្រើបាន​ ២៤ម៉ោងលើ២៤ម៉ោង​ បានជួយសម្រួលដល់ជីវភាពប្រជាជន​ និងបានបញ្ជាក់ថា​ សមិទ្ធិផលនេះ​ បានមកពីការខិតខំរបស់រាជរដ្ឋាភិបាល។ល។​ តំណាងអាជ្ញាធរអគ្គិសនីកម្ពុជាបានផ្សព្វផ្សាយបន្ថែមពីគោលការណ៍​ នីតិវិធីសម្រាប់ដោះស្រាយវិវាទរវាងអ្នកប្រើប្រាស់​ និងអ្នកផ្គត់ផ្គង់​ បច្ចេកទេសនៃការផ្គត់ផ្គង់​ និងការ​ប្រើប្រាស់អគ្គិសនី​​ ឆ្លើយសំណួរចម្ងល់របស់ប្រជាពលរដ្ឋដែលប្រើប្រាស់អគ្គិសនី ព្រមទាំងណែនាំ​ឲ្យសេវាករ​យកចិត្តទុកដាក់បម្រើសេវាផ្គត់ផ្គង់អគ្គិសនី​ ឲ្យបានល្អទៅតាមគោលកាណ៍កំណត់​របស់ច្បាប់​ បទប្បញ្ញត្តិ​ និងលិខិតបទដ្ឋាននានា​ ។​