នីតិវិធីរកការពិត និងរបៀបស្នើសុំការផ្តល់សេវាផ្ទៀងផ្ទាត់នាឡិកាស្ទង់

14379595_1652604651696181_5837261079446340616_o

អាជ្ញាធរអគ្គិសនីកម្ពុជាមានកិត្តិយសសូមជម្រាបជូនប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនី ដែលសង្ស័យថាចំនួនគីឡូអគ្គិសនី (គវ៉ម៉) របស់ខ្លួនឡើងមិនប្រក្រតី រួចមានបំណងចង់ដឹងការពិត និងចង់ដោះស្រាយបញ្ហានេះដោយត្រឹមត្រូវ អាចស្នើសុំការផ្តល់សេវាពិនិត្យនិងផ្ទៀងផ្ទាត់ដោយមិនយកកម្រៃពីអាជ្ញាធរអគ្គិសនីកម្ពុជា តាមនីតិវិធីរកការពិត និងរបៀបស្នើសុំការផ្តល់សេវានេះ ដូចខាងក្រោម ៖

ក.នីតិវិធីរកការពិត

១. អគ្គិសនីដែលផ្តល់ឲ្យអ្នកប្រើនីមួយៗ តម្រូវឲ្យរត់កាត់នាឡិកាឬជញ្ជីងអគ្គិសនីរបស់អ្នកប្រើនោះ ដើម្បីធានាថាចំនួនអគ្គិសនីដែលអ្នកផ្គត់ផ្គង់ផ្តល់ឲ្យអ្នកប្រើត្រូវបានវាស់វែងនិងកត់ត្រាចំនួនត្រឹមត្រូវ ។ ដូច្នេះចង់ដឹងថា តើចំនួនគីឡូដែលអ្នកផ្គត់ផ្គង់គិតប្រាក់ពីអ្នកប្រើត្រឹមត្រូវទេនោះ តំបូងគេត្រូវពិនិត្យថាតើអគ្គិសនីដែលផ្តល់ឲ្យបានរត់កាត់នាឡិកាទេ បើវារត់កាត់ហើយ ទើបគេពិនិត្យថាតើនាឡិកានោះមានគេប៉ះពាល់ទេ និងតើវាវាស់និងកត់ត្រាត្រឹមត្រូវទេ ចុងក្រោយតើការកត់លេខពីនាឡិកាមកគិតប្រាក់ត្រឹមត្រូវទេ ។

២. ដើម្បីពិនិត្យថានាឡិកានោះមានគេប៉ះពាល់វាទេនិងតើវាវាស់និងកត់ត្រាត្រឹមត្រូវទេ តំបូងគេត្រូវពិនិត្យខ្សែប្លុមបេគម្របនាឡិកាពីរោងចក្រផលិត តើមានរបើកឬដាច់ទេ បើគ្មានរបើកឬដាច់ទេគេចាត់ទុកថាគ្មានអ្នកប៉ះពាល់នាឡិកានោះទេ បន្ទាប់មកគេត្រូវផ្ទៀងផ្ទាត់ដំណើរការវាស់និងកត់ត្រារបស់វាជាមួយឧបករណ៍ផ្ទៀងផ្ទាត់ ថាតើវាដំណើរការវាស់វែងនិងកត់ត្រាត្រឹមត្រូវតាមស្តង់ដាទេ។

៣. ដើម្បីពិនិត្យថាតើការកត់លេខពីនាឡិកានោះមកធ្វើវិក្កយបត្រត្រឹមត្រូវទេ គេត្រូវពិនិត្យលេខដែលដាក់ក្នុងវិក្កយបត្រ ជាមួយលេខក្នុងនាឡិកាដែលនៅពេលត្រួតពិនិត្យ ទោះជាវាកន្លងទៅមុខបន្តិចក៏ដោយ តើលេខទាំង២ នេះ វាសមស្របជាមួយគ្នាទេ ។

៤. ប្រសិនបើពិនិត្យទៅឃើញថាចំណុចទាំង៣ ខាងលើត្រឹមត្រូវ គេអាចសន្និដ្ឋានថា ចំនួនអគ្គិសនីនោះពិតជាបានផ្តល់ទៅឲ្យអ្នកប្រើពិតប្រាកដហើយ ហើយការកើនឡើងណាមួយនោះវាពាក់ព័ន្ធជាមួយអ្នកប្រើផ្ទាល់មិនទាក់ទងនឹងការផ្តល់ទេ ប៉ុន្តែបើមានចំណុចណាមួយខាងលើមិនត្រឹមត្រូវ ទើបគេថាចំនួនអគ្គិសនីនោះអាចមានភាពមិនប្រក្រតី ដែលត្រូវធ្វើការពិនិត្យនិងដោះស្រាយបន្ត ។

ខ.ការផ្តល់សេវា និងរបៀបស្នើសុំការផ្តល់សេវា

១. ក្នុងនាមជាអាជ្ញាកណ្តាល អាជ្ញាធរអគ្គិសនីកម្ពុជាផ្តល់នូវសេវារកការពិតតាមនីតិវិធីខាងលើដោយមិនយកកម្រៃ ជូនគ្រប់ប្រជាពលរដ្ឋដែលមានការសង្ស័យ ទោះជានៅឃុំ ស្រុក ខេត្តណាក៏ដោយ ឲ្យតែអ្នកនោះបានស្នើសុំដោយបញ្ជាក់អត្តសញ្ញាណ និងទីតាំងប្រើ អគ្គិសនីច្បាស់លាស់ ដែលអាជ្ញាធរអគ្គិសនីកម្ពុជាអាចរកឃើញ និងអាចដោះនាឡិកាអគ្គិសនីរបស់អ្នកនោះមកត្រួតពិនិត្យបាន ។

២. ចំពោះការស្នើសុំផ្តល់សេវានេះ អ្នកសង្ស័យអាចស្នើសុំតាមរយៈឃុំ/សង្កាត់ដែលខ្លួនរស់នៅ អាចស្នើសុំដោយផ្ទាល់តាមរយៈប្រអប់សារ នៅក្នុងទំព័រប្រព័ន្ធបណ្តាញសង្គម Facebook ផ្លូវការឈ្មោះ “អាជ្ញាធរអគ្គិសនីកម្ពុជា” និងតាមរយៈអ៊ីម៉ែល admin@eac.gov.kh ឲ្យតែអ្នកនោះបញ្ជាក់អំពីអត្តសញ្ញាណនិងទីតាំងប្រើអគ្គិសនីច្បាស់លាស់ ដែលអាចរកនាឡិកាអគ្គិសនីរបស់អ្នកនោះឃើញបាន ។

៣. អាជ្ញាធរអគ្គិសនីកម្ពុជាសូមធានាចំពោះមុខច្បាប់ថា ឧបករណ៍ត្រួតពិនិត្យផ្ទៀងផ្ទាត់នាឡិកាអគ្គិសនីរបស់អាជ្ញាធរអគ្គិសនីកម្ពុជា គឺពិតជាត្រឹមត្រូវឥតលំអៀង ដោយមានប្លុមបេនិងមានការបញ្ជាក់ភាពត្រឹមត្រូវពីមន្ទីរពិសោធន៍ឯករាជអន្តរជាតិ ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ អាជ្ញាធរអគ្គិសនីកម្ពុជាសូមអំពាវនាវដល់គ្រប់ប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនីនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសង្ស័យថាគីឡូអគ្គិសនីរបស់ខ្លួនឡើងខុសប្រក្រតី រួចមានបំណងចង់ស្វែងរកភាពត្រឹមត្រូវពិតប្រាកដ សូមងាកមកប្រើយន្តការត្រឹមត្រូវតាមលក្ខណៈវិទ្យាសាស្រ្តនិងបច្ចេកទេស ដែលគ្រប់ប្រទេសក្នុងពិភពលោកគេកំពុងតែអនុវត្តវិញ ចៀសវាងជឿការប៉ាន់ស្មានតាមវិធីផ្សេងៗទៀត ដែលខុសពីស្តង់ដាអនុវត្តក្នុងវិស័យអគ្គិសនី និងពុំអាចដោះស្រាយជូនបាន ។