ការផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋនៅតាមតំបន់កោះកណ្តាលទន្លេនិងសមុទ្រ

13625392_1647303055559674_1068164488911961100_n

អាជ្ញាធរអគ្គិសនីកម្ពុជាសូមជំរាបជូនថា រហូតដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គិសនីកម្ពុជា EDCបាននិងកំពុងធ្វើការអភិវឌ្ឍន៍ដោះស្រាយការផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់កោះកណ្តាលទន្លេនិងសមុទ្រ ដើម្បីបញ្ជូនប្រភពអគ្គិសនីទៅជំនួសការផលិតអគ្គិសនីពីម៉ាស៊ីនដ្យេសែលដែលមានថ្លៃខ្ពស់ជាង ២០០០ រៀលក្នុង ១ គីឡូវ៉ាត់ម៉ោង ចំនួន ៩ កោះ ដូចខាងក្រោម៖

១. កោះឧកញ៉ាតី ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានដាក់ខ្សែកាបកប់បាតទន្លេមេគង្គភ្ជាប់ពីខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានភ្ជាប់ឲ្យប្រើតាំងពីចុងខែតុលា ឆ្នាំ ២០១៥ ។ ថ្លៃលក់បានបន្ថយមក ៨០០៛/kWh។
២. កោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានពង្រីកបណ្តាញបញ្ជូនប្រភពអគ្គិសនីពីកោះឧកញ៉ាតីដែលបានដាក់ខ្សែកាបកប់បាតទន្លេ និងបានភ្ជាប់ភ្លើងឲ្យប្រើតាំងពីចុងខែតុលា ឆ្នាំ២០១៥ ដែរ ។ ថ្លៃលក់បានបន្ថយមក ៨០០៛/kWh ។
៣. កោះសំរោង ឃុំសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានដាក់ខ្សែកាបកប់បាតទន្លេមេគង្គភ្ជាប់ពីចំណុច ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបានភ្ជាប់ភ្លើងឲ្យប្រើប្រាស់ លើខ្សែបណ្តាញអាកាស កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦ ។ ថ្លៃលក់បានបន្ថយមក ៨០០៛/kWh ។
៤. កោះពី ឃុំកោះពី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានដាក់ខ្សែកាបកប់បាតទន្លេមេគង្គភ្ជាប់ពីចំណុចឃុំហាន់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ បច្ចុប្បន្ន ខ្សែបណ្តាញមេលើកោះពី បានសាងសង់និងធ្វើតេស្តរួចរាល់ហើយ ចំពោះខ្សែចែកចាយរាយនិងត្រង់ស្វូកំពុងតែសាងសង់និងតម្លើង រួចអាចភ្ជាប់ឲ្យប្រើក្នុងពេលខ្លីខាងមុខ ។ ថ្លៃលក់គ្រោងបន្ថយមក ៨០០៛/kWh ។
៥. កោះទ្រុង សង្កាត់កោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ បានដាក់ខ្សែកាបកប់បាតទន្លេមេគង្គភ្ជាប់ពីក្រុងក្រចេះរួចរាល់ហើយ ។ បច្ចុប្បន្ន ខ្សែបណ្តាញចែកចាយលើកោះក៏បានសាងសង់រួចដែរ កំពុងរៀបចំភ្ជាប់ភ្លើងឲ្យប្រើប្រាស់ ។ ថ្លៃលក់គ្រោងបន្ថយមក ៩៥០៛/kWh ដូចនៅក្រុងក្រចេះ ។
៦. កោះច្រែង ឃុំកោះច្រែង ស្រុកចិត្របូរី ខេត្តក្រចេះ បានដាក់ខ្សែកាបកប់បាតទន្លេមេគង្គភ្ជាប់ពីស្រុកព្រែកប្រសប់ ខ្សែបណ្តាញចែកចាយលើកោះក៏សាងសង់ជិតរួចដែរ រង់ចាំការភ្ជាប់ប្រភពអគ្គីសនីពីបណ្តាញមេរបស់អគ្គិសនីក្រចេះ ដែលគ្រោងសាងសង់ខ្សែ ២២ គីឡូវ៉ុលចំនួន ១៥ គីឡូម៉ែត្របន្ថែមទៀត ទើបភ្ជាប់ភ្លើងឲ្យប្រើប្រាស់បាន ។ ថ្លៃលក់គ្រោងបន្ថយមក ៩៥០៛/kWh ដូចនៅក្រុងក្រចេះ ។
៧. កោះមួយចំនួននៅស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង បានដាក់ខ្សែកាបកប់បាតទន្លេសាបភ្ជាប់ពីក្រុងកំពង់ឆ្នាំង ទៅកោះក្អែក រួចបន្តពីកោះក្អែក ទៅកោះជីក រួចបន្តពីកោះជីក ទៅស្រុកកំពង់លែង ដើម្បីធ្វើការផ្គត់ផ្គង់អគ្គិសនីឲ្យស្រុកកំពង់លែងទាំងមូលរួចគ្រោងបន្ថយថ្លៃមក ៨០០៛/kWh ដូចនៅក្រុងកំពង់ឆ្នាំង ។
៨. កោះត្រឡាច ស្រុកកំពង់ត្រឡាច និងស្រុកជលគិរី បានដាក់ខ្សែកាបកប់បាតទន្លេសាបភ្ជាប់ពីបណ្តាញបញ្ជូនរង ចេញពីអនុស្ថានីយបាត់ដឹង រួចរាល់ហើយ បានសាងសង់បណ្តាញមេបាន ៩០% ហើយ អាចភ្ជាប់ឲ្យប្រើតាមរយៈអ្នកផ្គត់ផ្គង់ឯកជននៅពេលឆាប់ៗខាងមុខ ។ ថ្លៃលក់គ្រោងបន្ថយមក ៨០០៛/kWh ដូចនៅស្រុកកំពង់ត្រឡាច ។
៩. កោះស្តេច ខេត្តកោះកុង បានអូសខ្សែកាបកប់បាតសមុទ្រ ភ្ជាប់ពីបណ្តាញបញ្ជូនរងដែលចេញពីអនុស្ថានីយនៅខេត្តកោះកុង តាមរយៈខ្សែបន្តរបស់ក្រុមហ៊ុន China Union នៅស្រុកគិរីសាគរ រួចរាល់ហើយ ។ កំពុងពិនិត្យនិងសម្រេចលើការវិនិយោគ សាងសង់ខ្សែបណ្តាញមេលើកោះស្តេច ដើម្បីអាចផ្គត់ផ្គង់អគ្គិសនីឲ្យប្រជាពលរដ្ឋលើកោះស្តេច ។ ថ្លៃអគ្គិសនីគ្រោងនឹងបន្ថយ ប៉ុន្តែមិនទាន់បានសិក្សានិងគណនាលំអិតនៅឡើយ ។

13625392_1647303055559674_1068164488911961100_n 14199514_1647303145559665_3264226611055636122_n 14203092_1647303165559663_2230826413886493001_n 14225517_1647303125559667_8975967483387306031_n 14238356_1647303065559673_3813828683724207381_n 14291907_1647303108893002_220566394762181565_n 14292340_1647303088893004_804745079892422082_n